បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅថ្ងៃព្រហស្បតិ៍ ជាការឆ្លើយតប នឹងការផ្គត់ផ្គង់ប្រព័ន្ធ សព្វាវុធ របស់អាមេរិកដល់ក្រុងតៃប៉ិថា កងទ័ពចិន បានប្តេជ្ញាចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារការជ្រៀតជ្រែកពីបរទេស និងការប៉ុនប៉ងបង្កើតឯករាជ្យភាព របស់កោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Kefei ដែលបានទទូចថា “កោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ បាននៃទឹកដី របស់ប្រទេសចិន បញ្ហាតៃវ៉ាន់ទាក់ទងនឹងផលប្រយោជន៍ ជាមូលដ្ឋានរបស់ចិន និងមិនអត់ធ្មត់ នឹងការជ្រៀតជ្រែក ពីខាងក្រៅឡើយ”។
លោក Kefei បានទទូចដោយបន្ថែមថា កងទ័ពរបស់ប្រទេសចិននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបង្ក្រាបយ៉ាងម៉ឺងម៉ាត់នូវរាល់ទម្រង់នៃការជ្រៀតជ្រែកពីខាងក្រៅ និងការប៉ុនប៉ងដោយកងកម្លាំងបំបែកខ្លួន ដើម្បីសម្រេចបានឯករាជ្យសម្រាប់កោះតៃវ៉ាន់ ហើយនឹងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដោយមិនងាករេ»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីប្រទេសចិន បានខឹងសម្បារ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការប្រកាសកាលពីថ្ងៃអង្គារ អំពីការយល់ព្រម លើកញ្ចប់យោធាប្រមាណ 95 លានដុល្លារដល់កោះតៃវ៉ាន់ ដែលជាប្រភេទទីបី ចាប់តាំងពីប្រធានាធិបតី អាមេរិក លោក Joe Biden ចូលកាន់តំណែង ដែលរួមមាន “ការបណ្តុះបណ្តាល ការធ្វើផែនការ ការធ្វើផែនការ។ ការដាក់ពង្រាយ ប្រតិបត្តិការ ការថែទាំ និងនិរន្តរភាពនៃប្រព័ន្ធ Patriot បរិក្ខារពាក់ព័ន្ធ និងធាតុជំនួយផ្នែកដឹកជញ្ជូន” ក៏ដូចជាឧបករណ៍ និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធការពារមីស៊ីល៕
ប្រែសម្រួលៈ ណៃ តុលា