ព័ត៌មានអន្តរជាតិ

ពលរដ្ឋសូម៉ាលី ៦លាននាក់ កំពុងប្រឈម នឹងវិបត្ដិ និងអសន្ដិសុខ ស្បៀងកាន់តែអាក្រក់

យូអិន ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រហែល ៦លាននាក់ នៅក្នុងប្រទេសសូម៉ាលី ទំនងជាប្រឈមនឹងវិបត្តិ ឬអសន្តិសុខស្បៀង កាន់តែអាក្រក់ចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ ។

លោក Stephane Dujarric អ្នកនាំពាក្យ របស់អគ្គលេខាធិការ លោក Antonio Guterres បានប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃជាមួយ អ្នកសារព័ត៌មានថា “ការព្យាករណ៍ទុរ្ភិក្ស ចុងក្រោយបំផុតបង្ហាញថា មនុស្សជាង ៦លាននាក់ទំនងជាប្រឈមនឹងវិបត្តិ ឬអសន្តិសុខស្បៀងកាន់តែអាក្រក់ ចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ” ។

អ្នកនាំពាក្យបានកត់សម្គាល់ថា ឥឡូវនេះប្រទេសសូម៉ាលី “ប្រឈមមុខនឹងហានិភ័យ នៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ចំនួន៦” រហូតដល់ខែមិថុនា ប្រសិនបើរដូវវស្សាពីខែមេសា ដល់ខែមិថុនាបរាជ័យ ដូចដែលវាត្រូវបានព្យាករណ៍មែននោះ ហើយប្រសិនបើតម្លៃ អាហារបន្តកើនឡើង; ហើយប្រសិនបើជំនួយមនុស្សធម៌ មិនត្រូវបានពង្រីក ដើម្បីទៅដល់ប្រជាជន ដែលងាយរងគ្រោះបំផុត។

ផ្ទាំងពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី០៧ ខែមេសា ផែនការឆ្លើយតបមនុស្សធម៌ឆ្នាំ២០២២ ដែលទាមទារជិត ១,៥ ពាន់លានដុល្លារ ដើម្បីជួយបុរស ស្ត្រី និងកុមារចំនួន ៥,៥លាននាក់ នៃប្រជាជនសូម៉ាលី ដែលងាយរងគ្រោះបំផុត នៅតែមិនទទួលបានមូលនិធិ យ៉ាងសំខាន់គឺត្រឹមតែ ៤,៤ ភាគរយប៉ុណ្ណោះ។

លោកបានលើកឡើងថា “គ្រោះរាំងស្ងួត កាន់តែអាក្រក់ទៅៗនៅទូទាំងប្រទេសនេះ។ ប្រជាជនប្រមាណ ៤,៩ លាននាក់ នៅទូទាំងប្រទេសសូម៉ាលី បានរងផលប៉ះពាល់ រួមទាំងជនភៀសខ្លួនខាងក្នុង ជាង ៧១៩,០០០នាក់ ។ អសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំមក”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top