ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក រំពឹងថា វិបត្តិបំណុលនឹងបន្តកាន់តែអាក្រក់ នៅឆ្នាំ២០២២

វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោក លោក David Malpass បានឲ្យដឹងថា ដោយសារតែកម្រិតបំណុល និងឱនភាពខ្ពស់ ប្រទេសនានា “ស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ” ហើយវិបត្តិបំណុលត្រូវបានគេរំពឹងថានឹង “បន្តកាន់តែអាក្រក់ទៅៗ” នៅក្នុងឆ្នាំ២០២២។

ដោយកត់សម្គាល់ថា  បំណុល គឺជាបញ្ហាធំមួយ ក្នុងចំណោមបញ្ហាធំពីរ ដែលកំពុងប្រឈមមុខនឹងកំណើនសកលលោក Malpass បានឲ្យដឹងនៅក្នុងតុមូលប្រព័ន្ធផ្សព្វផ្សាយ Spring Meetings ថា ៦០ភាគរយ នៃបណ្តាប្រទេសដែលមានចំណូលទាប កំពុងស្ថិតក្នុងវិបត្តិបំណុលរួចហើយ ឬមានហានិភ័យខ្ពស់នៃបំណុលនេះ។

លោក​បាន​បន្ត​ថា វិបត្តិ​បំណុល និង​ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​មាន​បន្ទុក​មួយ ​ដែលធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​ក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២២ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមធនាគារពិភពលោក គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ទី១៨ ខែមេសា រហូតដល់ថ្ងៃអាទិត្យ ទី២៤ ខែមេសា។

លោក Malpass បានលើកឡើងថា បញ្ហាធំមួយទៀត សម្រាប់កំណើនពិភពលោក គឺអតិផរណាដែល “បណ្តាលឱ្យមានភាពតានតឹងយ៉ាងខ្លាំង” ដោយលោក Malpass បានបន្ថែមថាគោលនយោបាយចាំបាច់ ត្រូវកែសម្រួល ដើម្បីបង្កើនការផ្គត់ផ្គង់ មិនមែនគ្រាន់តែបង្កើនតម្រូវការប៉ុណ្ណោះទេ។

 លោក Malpass បានបន្ថែមថា “ទីផ្សារកំពុងទន្ទឹងរង់ចាំដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបញ្ជាក់ថាការផ្គត់ផ្គង់នឹងកើនឡើង ហើយគោលនយោបាយរបស់ពួកគេ នឹងជំរុញស្ថិរភាពរូបិយប័ណ្ណ ដើម្បីកាត់បន្ថយអតិផរណា និងបង្កើនអត្រាកំណើន”៕

To Top