ព័ត៌មានអន្តរជាតិ

គន្លងប្រក្រតីកម្មថ្មី និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ បានធ្វើឱ្យសេដ្ឋកិច្ចចិន រក្សាកំណើន ប្រកបដោយស្ថិរភាព និងរួមចំណែក ដល់ការស្តារ សេដ្ឋកិច្ចពិភពលោក

ក្នុងបរិបទជំងឺកូវីដ-១៩ បណ្តាប្រទេសនានា បាននិងកំពុងព្យាយាមសម្របខ្លួន ទៅនឹងជីវភាពក្នុងគន្លងប្រក្រតីកម្មថ្មី ពោល គឺបានខិតខំប្រឹងប្រែងស្តារអ្វីៗ គ្រប់យ៉ាងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិ ជំងឺរាតត្បាតសកល បើទោះបីជាពុំទាន់យកឈ្នះ ទាំងស្រុងលើជំងឺកូវីដ-១៩ក្តី ។

អ្វីដែលគួរ ឱ្យកត់សម្គាល់ សេដ្ឋកិច្ចឌីជីថល បានរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីវិបត្តិសុខភាពសកល ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ ឱ្យពាណិជ្ជកម្មអន្តរជាតិ អាចដំណើរការជាប្រក្រតី ក្នុងសម័យកូវីដ ។ ប្រទេសនានា បានដាក់ចេញគោលនយោបាយ ជំរុញសេដ្ឋកិច្ចឌីជីថល ក្នុងន័យបង្កើនកម្លាំងប្រកួតប្រជែង ក្នុងទីផ្សារអន្តរជាតិ និងទទួលបានកាលានុវត្តភាព អភិវឌ្ឍន៍ថ្មី ។

ពិតមែនតែមិន អាចធ្វើពាណិជ្ជកម្ម ដោយ «ទល់មុខគ្នា»ក្តី តែក៏មិនអាចរារាំងជំហាន នៃកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ​​រវាងប្រទេស នានាដែរ ពោល គឺមិនថាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគីឬពហុភាគី ប្រទេសពាក់ព័ន្ធ បានធ្វើការពិគ្រោះពិភាក្សា និងចុះហត្ថលេខា តាមទម្រង់អនឡាញ ដែលជាកិច្ចសហប្រតិបត្តិការ បែបថ្មីដើម្បីឆ្លើយតបនឹងតម្រូវការ ក្នុងយុគសម័យថ្មីនិងក្នុងបរិបទ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ ។

យ៉ាងណាមិញ ប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោក និងជាប្រទេសដំបូងបង្អស់ លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទ ជំងឺកូវីដ-១៩ បានក្លាយជា «ចំណុចស្នូល» ដែលស្រូបទាញក្រសែចក្ខុ របស់ពិភពលោកឱ្យរំពៃ និងរំពឹងទុកថាតើ «យុថ្កាលំនឹងសេដ្ឋកិច្ច ពិភពលោក» មួយនេះនឹងដើរតួនាទីបែបណាទៀត ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច ពិភពលោកដែលកំពុងដាំក្បាលចុះ ឱ្យងើបឡើងវិញ ។

ចាប់តាំងពីឈានចូលគន្លងប្រក្រតីកម្មថ្មី បន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រទេសចិនមួយផ្នែក បានខិតខំស្តារសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការដាក់ ចេញគោល នយោបាយថ្មីៗ មួយផ្នែកទៀត បានធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះជាមួយដៃគូសហប្រតិបត្តិការ របស់ខ្លួនដែលបានប្រកាន់ខ្ជាប់នូវ ការអភិវឌ្ឍបែបចែករំលែក និងបរិយាប័ន្ន ។
មើលពីផ្នែកខាងក្នុង សេដ្ឋកិច្ចចិន បានបន្តរក្សាកំណើនប្រកបដោយស្ថិរភាព ។ ក្នុងសន្និសីទកាសែត របស់ការិយាល័យព័ត៌មានជាតិចិន ស្តីពីសភាពការណ៍ដំណើរ ការសេដ្ឋកិច្ចជាតិចិនប្រចាំត្រីមាសទីមួយឆ្នាំ ២០២២ ដែលបើកធ្វើនៅថ្ងៃទី ១៨ ខែមេសានេះ លោក Fu Linhui អ្នកនាំពាក្យ នៃរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងថា មើលជារួម សេដ្ឋកិច្ចចិនបន្តរក្សានិន្នាការអភិវឌ្ឍន៍ឡើងវិញ និងដំណើរការក្នុង ចន្លោះសម ហេតុផលជាទូទៅ ដែលក្នុងនោះ តាមការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុក សរុបត្រូវជា ២៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៤.៨ ភាគរយប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ និងកើនឡើង ១.៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃត្រីមាសទី ៤ ឆ្នាំ ២០២១ ។
មើលពីផ្នែកខាងក្រៅ ប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយដៃគូ សហប្រតិបត្តិការទូទាំងពិភពលោក ។ ក្នុងត្រីមាសទី ១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបរវាងប្រទេសចិនជាមួយប្រទេសអាស៊ានសម្រេចបាន ១.៣៥ ទ្រីលានយាន់ប្រាក់ចិន ជាមួយសហភាពអឺរ៉ុបសម្រេចបាន ១.៣១ ទ្រីលានយាន់ប្រាក់ចិន ជាមួយសហរដ្ឋអាមេរិកសម្រេចបាន ១.១៨ ទ្រីលានយាន់ប្រាក់ចិន ក្នុងនោះ អាស៊ានបន្តរក្សាតំណែង ជាដៃគូពាណិជ្ជកម្មធំទី ១ របស់ប្រទេសចិន ។

តាំងពីដើមមក ប្រទេសចិនបានប្រឆាំង យ៉ាងដាច់ខាត ចំពោះការលេងលែ្បង«ផលបូកសូន្យ»ក្នុងកិច្ចសហប្រតិបត្តិការ ហើយខិតខំជ្រោងទង់ពហុភាគី និយម និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដោយបានដាក់ចេញគោល នយោបាយ និងលើកឡើងគំនិតផ្តួចផ្តើមជាច្រើន ដែលមានអំណោយ ផលដល់ការលើកស្ទួយ សេដ្ឋកិច្ចជាតិ និងរួមចំណែក ដល់ការអភិវឌ្ឍរបស់ពិភពលោក តួយ៉ាងដូចជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង«ការអភិវឌ្ឍជាសកល» ជាដើមដែលទទួលបានការសាទរ និងទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ ។ ក្រៅពីនេះ ប្រទេសចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសជាមិត្តជាច្រើន ហើយកិច្ចព្រមព្រៀង RCEP ដែលទើបចូលជាធរមាន ក្នុងឆ្នាំនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃប្រទេសចិន និងរដ្ឋហត្ថលេខីដទៃទៀត ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន តែងលើកឡើងថា ទីផ្សារពិភពលោកគឺបីដូចជា«នំខេក»មួយ ប្រទេសនានាលើពិភពលោក គួរតែទទួលបាន ចំណែករៀងៗខ្លួន ពោលគឺគួរទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍ទាំងអស់គ្នា ហើយគួររួមគ្នាធ្វើ«នំខេក»កាន់តែធំ ដើម្បីទទួលបាន ចំណែកកាន់តែធំរៀងៗខ្លួនផងដែរ ។
ការរីករាលដាលនៃជំងឺកូវីដ-១៩នៅមិនទាន់ចប់ទេ ការចែកចាយវ៉ាក់សាំងរបស់ប្រទេសចិន ជូនបណ្តាប្រទេសដែលមានតម្រូវការ ក៏មិនបញ្ឈប់ដែរ ។ ស្ថានការណ៍ពិភពលោក មានភាពកាន់តែស្មុគស្មាញនិងមិនប្រាកដប្រជា ប្រទេសចិន បានដាក់បញ្ចូលកម្លាំងវិជ្ជមានជាបន្តបន្ទាប់ ដើម្បីជួយលំនឹង ស្ថានការណ៍ទូទៅ ។ មិនថានិម្មាបនកម្មពិភពលោក មានការប្រែប្រួលយ៉ាងណាក្តី ប្រទេសចិនប្រកាន់ខ្ជាប់ ជានិច្ចនូវគំនិតផ្តួចផ្តើមសហគមន៍រួមវាសនា តែមួយរបស់មនុស្សជាតិ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top