ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន អូស្ត្រាលី បង្ហាញការព្រួយបារម្មណ៍ចំពោះកិច្ចព្រមព្រៀងសន្តិសុខចិន-សាឡូម៉ុន

តូក្យូ៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់ មានការព្រួយបារម្ភចំពោះកតិកាសញ្ញាសន្តិសុខរវាងប្រទេសចិន និងកោះសូឡូម៉ុន នៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយលើកឡើងពី “ហានិភ័យធ្ងន់ធ្ងរ” ទង្វើនេះអាចបង្កដល់តំបន់។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញបន្ទាប់ពីប្រទេសចិន បានឲ្យដឹងក្នុងថ្ងៃតែមួយថាខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ដែលបានបង្កការភ័យ ខ្លាចក្នុងចំណោមសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ដែលឥទ្ធិពល យោធារបស់ក្រុងប៉េកាំង អាចនឹងកើនឡើងក្នុងតំបន់។

យោងតាមសេតវិមាន មន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់ បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទក្នុងទីក្រុង Honolulu ហើយបានអះអាងសារជាថ្មីអំពី “ការប្តេជ្ញាចិត្តយូរអង្វែង និងរួមគ្នា” របស់ប្រទេសទាំងបួនចំពោះកោះប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ពួកគេក៏បានចែករំលែកការព្រួយបារម្ភអំពីក្របខ័ណ្ឌសន្តិសុខដែលបានស្នើឡើងរវាងកោះសូឡូម៉ុន និងសាធារណៈរដ្ឋប្រជាមានិតចិន និងហានិភ័យដ៏ធ្ងន់ធ្ងររបស់វា ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។

កិច្ចប្រជុំនេះត្រូវបានចូលរួមដោយអ្នកសម្របសម្រួល នៃសេតវិមានឥណ្ឌូប៉ាស៊ីហ្វិក Kurt Campbell និង Daniel Kritenbrink។ អ្នកការទូតប្រចាំតំបន់អាស៊ីបូព៌ា ដែលកំពុងធ្វើដំណើរក្នុងសប្តាហ៍នេះ ទៅកាន់កោះហាវ៉ៃ ហ្វីជី ប៉ាពួញូហ្គីណេ និងកោះសូឡូម៉ុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top