ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន និងមេដឹកនាំតួកគី ប្ដេជ្ញារួមគ្នាធ្វើការ សម្រាប់សន្ដិភាព នៅអ៊ុយក្រែន

យូអន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តអ្នកទាំងពីរ ក្នុងការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងដើម្បីបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់ ការឈឺចាប់របស់ជនស៊ីវិល។

លោក Guterres បានជួបលោក Erdogan នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីកាលពីថ្ងៃចន្ទ។ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Guterres បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងញូវយ៉កថា ប្រមុខអង្គការសហប្រជាជាតិ បានសម្តែងការគាំទ្ររបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងបន្តរបស់ប្រទេសតួកគី ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។

“លោក និងប្រធានាធិបតីតួកគីលោក Erdogan បានបញ្ជាក់សារជាថ្មីថា គោលបំណងរួមរបស់ពួកគេ គឺដើម្បីបញ្ចប់សង្រ្គាមឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីបង្កើតលក្ខខណ្ឌ ដើម្បីបញ្ចប់ការឈឺចាប់របស់ជនស៊ីវិល។ ដល់សហគមន៍ដែលរងផលប៉ះពាល់”។

លោកបានបន្ថែមថា ពួកគេបានយល់ព្រមរក្សាទំនាក់ទំនង ដើម្បីតាមដានគំនិតផ្ដួចផ្ដើម ដែលកំពុងបន្ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Guterres និង Erdogan ក៏បានពិភាក្សាអំពីផលប៉ះពាល់ នៃជម្លោះអ៊ុយក្រែន លើបញ្ហាក្នុងតំបន់ និងពិភពលោក រួមទាំងថាមពល អាហារ និងហិរញ្ញវត្ថុផងដែរ។

លោក Guterres ស្ថិតនៅក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃចន្ទ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ប្រទេសតួកគី ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់មួយ ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការក្លាយជា អ្នកធានាសន្តិសុខរបស់អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top