ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចាប់ផ្តើមផ្គត់ផ្គង់អាវុធធុនធ្ងន់ ឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការប្រកាសអះអាង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោកស្រី Christine Lambrecht កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ គឺបានបើកភ្លើងខៀវរួចទៅហើយ ចំពោះការដឹកជញ្ជូនអាវុធធុនធ្ងន់ ដូចជាកាំភ្លើងធំប្រឆាំងយន្តហោះជាដើម។

ថ្លែងនៅក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សា ដែលរៀបចំឡើងដោយអាមេរិក ចំពោះប្រធានបទវិស័យការពារជាតិ នៅឯមូលដ្ឋានទ័ពអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់នោះ លោកស្រីរដ្ឋមន្ត្រីការពារជាតិរូបនេះ បានបញ្ជាក់ទៀតថា មេដឹកនាំប្រទេសអាល្លឺម៉ង់ បានធ្វើការសម្រេចចិត្ត រួចរាល់ហើយតាំងតែពីថ្ងៃចន្ទ។

លោកស្រីបានបញ្ជាក់បែបនេះថា អាល្លឺម៉ង់គឺបានធ្វើការកំណត់ និងតាំងចិត្តដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែន ក្នុងការសាមគ្គីភាពគ្នាដោះស្រាយ បញ្ហាជាបន្ទាន់ ដែលកំពុងកើតឡើងនៅខាងក្នុង។

លោកស្រីរដ្ឋមន្ត្រីបានពន្យល់ទៀតថា ក្នុងលក្ខខណ្ឌនេះអ៊ុយក្រែន នឹងអាចធ្វើការបញ្ជាទិញ ហើយរដ្ឋាភិបាលអាល្លឺម៉ង់ នឹងរ៉ាប់រងរាល់ការចំណាយ ដោយកំណត់យកចំនួន អតិបរិមាដល់ទៅ ២ពាន់លានអឺរ៉ូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top