ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់ស្រោចមីស៊ីល ជាច្រើនគ្រាប់ លើទីក្រុងដាម៉ាស់ ប្រទេសស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល នៅក្នុងរដ្ឋធានីដាម៉ាស់ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារយប់មិញនេះ។

ប្រជាជននៅក្នុងរដ្ឋធានីបាន ឮការផ្ទុះដ៏ខ្លាំងក្លាដែលជា លទ្ធផលនៃការវាយប្រហារ និងការស្ទាក់ចាប់ប្រព័ន្ធការពារ ដែនអាកាសរបស់ស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបាន ផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាក្រុមប្រឆាំងបាននិយាយថា ការផ្ទុះហិង្សាជាង ១២គ្រាប់ ត្រូវបានឮនៅក្នុងរដ្ឋធានីដាម៉ាស់ និងទីជនបទជាលទ្ធផលនៃ ការវាយប្រហាររបស់អ៊ីស្រាអែល។

ប្រភពបានបន្ថែមថា មីស៊ីលអ៊ីស្រាអែល បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងដាម៉ាស់ និងតំបន់នៅជនបទភាគខាងជើង នៃទីក្រុងដាម៉ាស់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top