ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវបានជំរុញឱ្យ ដកពន្ធលើប្រទេសចិន ចំពេលមានការធ្លាក់ចុះ សេដ្ឋកិច្ចប្រចាំត្រីមាស

វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) បានជំរុញឱ្យរដ្ឋបាលរបស់ ប្រធានាធិបតីលោក ចូ បៃដិន បន្ធូរបន្ថយពន្ធលើទំនិញចិន ខណៈដែល សេដ្ឋកិច្ចសហរដ្ឋអាមេរិកបាន ចុះបញ្ជីការធ្លាក់ចុះប្រចាំត្រីមាសចំនួន ១,៤ ភាគរយ ដែលជំរុញឱ្យមានការព្រួយបារម្ភអំពី ការធ្លាក់ចុះសេដ្ឋកិច្ចនាពេលអនាគត ចំពេលមានសម្ពាធ អតិផរណាជានិរន្តរភាព។

USCBC បានឲ្យដឹងថា មិនមានហេតុផល ដើម្បីរក្សាពន្ធបន្ថែមលើផលិតផលចិន ដែលបានដាក់កំឡុងពេលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី ហើយការលុបបំបាត់ពន្ធ នឹងធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ជាច្រើនធ្លាក់ចុះ ចំពេលមានអតិផរណាខ្ពស់។

ក្រុមពាណិជ្ជកម្មដែលតំណាង ឱ្យក្រុមហ៊ុនអាមេរិកចំនួន ២៦០ ដែលធ្វើអាជីវកម្មជាមួយប្រទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីរីករាយ ដែលរដ្ឋបាល បៃដិម កំពុងពិចារណាកាត់បន្ថយ ឬលុបបំបាត់ពន្ធមួយចំនួនលើ ទំនិញនាំចូលពីប្រទេសចិន” ។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពី ទីប្រឹក្សាសន្តិសុខជាតិរងលោក Daleep Singh និងរដ្ឋលេខាធិការរតនាគារ Janet Yellen និយាយអំពីសក្តានុពលនៃការ បន្ធូរបន្ថយពន្ធលើទំនិញរបស់ចិន។

លោក Singh បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ពន្ធដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ មិនមានគោលបំណងជាយុទ្ធសាស្ត្រនោះទេ ហើយរដ្ឋបាលលោក បៃដិន អាចកាត់បន្ថយពន្ធលើទំនិញចិន ដែលមិនមែនជាយុទ្ធសាស្ត្រដូចជាកង់ ឬសម្លៀកបំពាក់ ដើម្បីជួយទប់ស្កាត់អតិផរណា។

បន្ទាប់ពីការកត់សម្គាល់របស់លោក Yellen បានឲ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ថារដ្ឋបាលកំពុងពិនិត្យមើលឡើងវិញ ដោយប្រុងប្រយ័ត្ននូវយុទ្ធសាស្រ្ត ពាណិជ្ជកម្មរបស់ខ្លួន ទាក់ទងនឹងប្រទេសចិន ហើយការដកពន្ធ គឺមានតម្លៃពិចារណានៅពេល ដែលរដ្ឋាភិបាលស្វែងរកការ ប្រយុទ្ធប្រឆាំងនឹងអតិផរណា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top