ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត ២គ្រាប់ ផ្លោងចូលមូលដ្ឋានទ័ព អាកាសអាមេរិក នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីរ៉ាក់បានឲ្យដឹងថា គ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់ បានផ្លោងចូលមូលដ្ឋានទ័ពអាកាស ដែលជាកន្លែងស្នាក់នៅមួយរបស់អ្នកជំនាញ និងភ្នាក់ងារយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតទាំង២ បានធ្លាក់នៅពេលល្ងាច នៅក្នុងមូលដ្ឋានអាកាស Ayn al-Asad ក្បែរទីប្រជុំជន al-Baghdadi ចម្ងាយប្រហែល១៩០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាដាដ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។

ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានកើតឡើង ទោះបីជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi បានបញ្ជាក់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ពីការបញ្ចប់បេសកកម្មប្រយុទ្ធ របស់កងកម្លាំងចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសក៏ដោយ ។

វរសេនីយ៍ឯក Ahmed al-Dulaimi មកពីបញ្ជាការប្រតិបត្តិការ Anbar បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា កងកម្លាំងអ៊ីរ៉ាក់បានរកឃើញ គ្រាប់រ៉ុក្កែក២គ្រាប់ ដែលស្ថិតនៅចម្ងាយជាច្រើន គីឡូម៉ែត្រពីមូលដ្ឋានអាកាស ហើយឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត ។

លោក al-Dulaimi បានលើកឡើងថា កាលពីថ្ងៃសៅរ៍ ទាហានអ៊ីរ៉ាក់ម្នាក់ត្រូវបានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសនៅក្នុង ការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ នៅជិតរថយន្តរបស់ពួកគេនៅលើផ្លូវហាយវេស៏ នៅជិតច្រកព្រំដែន Trebil ជាមួយប្រទេសហ្ស៊កដានី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top