ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី ៖ មេដឹកនាំកំពូលរុស្ស៉ី និងអ៊ុយក្រែន ត្រូវបានអញ្ជើញ ឲ្យចូលរួមកិច្ចប្រជុំកំពូល G20

ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង២០ (G20) នៅក្នុងខែវិច្ឆិកា ។

លោក Widodo បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាននិម្មិតថា “ឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ឥណ្ឌូណេស៊ីចង់បង្រួបបង្រួម G20 កុំឱ្យមានការបែកបាក់គ្នា សន្តិភាព និងស្ថិរភាព គឺជាគន្លឹះនៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចពិភពលោក” ។

លោកបានលើកឡើងថា G20 ដើរតួជាកាតាលីករ ក្នុង ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដោយបន្ថែមថា លោកបានសន្ទនាតាមទូរស័ព្ទ ជាមួយមេដឹកនាំទាំងពីរ នៃប្រទេសរុស្ស៊ី និងអ៊ុយក្រែនក្នុងសប្តាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Widodo និងលោក Putin បានពិភាក្សាអំពីបញ្ហា នៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-ឥណ្ឌូនេស៊ី និងទិដ្ឋភាពផ្សេងៗ នៃសកម្មភាព របស់ក្រុមប្រទេស G20 នៅក្នុងការសន្ទនា តាមទូរស័ព្ទមួយ។

នៅក្នុងការសន្ទនាជាមួយ Zelensky កាលពីថ្ងៃពុធ លោក Widodo បានបដិសេធសំណើ សុំសព្វាវុធពីប្រធានាធិបតី អ៊ុយក្រែន ដោយលើកឡើងថា ឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចក្នុងការ ផ្តល់ជំនួយមនុស្សធម៌ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top