ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា យានណាមួយរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលទៅដល់អ៊ុយក្រែនជាមួយនឹងអាវុធ ឬសម្ភារៈសម្រាប់តម្រូវការរបស់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់សម្រាប់ការបំផ្លាញ” ។
លោក Shoigu បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិ កំពូលរបស់រុស្ស៊ី ដោយកត់សម្គាល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន កំពុងបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
យោងតាមរដ្ឋមន្ត្រីបានលើកឡើងថា ទាហានរុស្ស៊ី រួមជាមួយកងកម្លាំងនៅតំបន់ Lugansk និង Donetsk កំពុងគ្រប់គ្រងតំបន់ Donbass បន្ថែមទៀត ហើយពួកគេនឹងបន្ត បំពេញភារកិច្ចរបស់ពួកគេ។
លោកបានបន្ដថា សម្រាប់ការជម្លៀសជនស៊ីវិល ដោយសុវត្ថិភាពពីតំបន់ប្រយុទ្ធ ច្រករបៀងមនុស្សធម៌ ត្រូវបានបើកជារៀងរាល់ថ្ងៃ ដោយលោកបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងផ្តល់ជំនួយមនុស្សធម៌យ៉ាងសកម្ម ដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង ដែលគ្រប់គ្រងដោយកងកម្លាំង ៕