ព័ត៌មានអន្តរជាតិ

Update ៖ អគ្គលេខាធិការ UN ថ្លែងថា បញ្ហាសន្តិសុខស្បៀង មិនអាចដោះស្រាយបានទេ បើមិនស្តារផលិតកម្មក សិកម្ម របស់អ៊ុយក្រែន

អាប៊ូចា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres បានថ្លែងកាលពីថ្ងៃពុធថា បញ្ហាសន្តិសុខស្បៀង សកលមិនអាច ដោះស្រាយបានទេ បើគ្មានការស្ដារឡើងវិញ នូវផលិតកម្មកសិកម្ម របស់អ៊ុយក្រែន និងទិន្នផលស្បៀង និងជីរបស់រុស្ស៊ី ទៅកាន់ទីផ្សារពិភពលោក ។

ការវាយលុករបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ បានបន្ថែមភាពប្រែប្រួល នៅក្នុងទីផ្សារហិរញ្ញវត្ថុ ធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ និងប៉ះពាល់ដល់ផ្នែកដឹកជញ្ជូន ដែលអាចរារាំងការស្តារ សេដ្ឋកិច្ចឡើងវិញពីជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាច្រើនរួមទាំងប្រទេសនីហ្សេរីយ៉ាផងដែរ ។

លោក Guterres បានប្រាប់ដល់ អ្នកយកព័ត៌មាន នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច លើកដំបូងទៅកាន់ទីក្រុង អាប៊ូចា រដ្ឋធានីរបស់ប្រទេស នីហ្សេរីយ៉ាថា “ការវិភាគរបស់យើងបង្ហាញថា សង្រ្គាម នៅក្នុងប្រទេស អ៊ុយក្រែន គឺកាន់តែធ្វើឱ្យរឿង កាន់តែអាក្រក់ទៅៗ ដោយកំណត់នូវវិបត្តិ៣វិមាត្រ ដែលកំពុងបំផ្លិចបំផ្លាញ ប្រព័ន្ធស្បៀង ថាមពល និងហិរញ្ញវត្ថុពិភពលោក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍” ។

លោកបានថ្លែងថា “ពិតជាគ្មានដំណោះស្រាយ ពិតប្រាកដចំពោះបញ្ហាសន្តិសុខស្បៀង ពិភពលោកដោយមិន នាំយកមកវិញ នូវផលិតកម្មកសិកម្ម របស់អ៊ុយក្រែន និងការផលិតស្បៀងអាហារ និងជីរបស់រុស្ស៊ី និងប៊ែលឡារុស្ស ចូលទៅក្នុងទីផ្សារពិភពលោក ទោះបីជាមានសង្រ្គាមក៏ដោយ “ ។

លោក Guterres បានថ្លែងថា លោកបានប្តេជ្ញាចិត្តក្នុងការ សម្របសម្រួលកិច្ចសន្ទនា ដើម្បីជួយសម្រេចបាន នូវគោលដៅទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top