ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយបារម្ភពី អសន្ដិសុខស្បៀងពិភពលោក និងអំពាវនាវឲ្យមានការផ្គត់ផ្គង់ ប្រកបដោយស្ថេរភាព

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភ ចំពោះសន្តិសុខស្បៀងពិភពលោក ដែលត្រូវបានរងផលប៉ះពាល់ ដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយបានអំពាវនាវឱ្យធានាឱ្យ មានការផ្គត់ផ្គង់ស្បៀងអាហារ ប្រកបដោយស្ថិរភាព។

លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអូទ្រីស Alexander Van der Bellen នៅទីក្រុងវីយែនថា “សន្តិសុខស្បៀងជាសកល គឺជាការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ និងជាការផ្តោតសំខាន់នៃកិច្ចប្រជុំនាពេលថ្មីៗនេះ របស់ខ្ញុំនៅទីក្រុងមូស្គូ និងគៀវ”។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមាន “សកម្មភាពរហ័ស និងការសម្រេចចិត្ត ដើម្បីធានាឱ្យមានលំហូរស្ថិរភាពនៃអាហារ និងថាមពលនៅក្នុងទីផ្សារបើកចំហ ដោយលុបចោលការរឹតបន្តឹងការនាំចេញ បែងចែកអតិរេក និងទុនបំរុងដល់អ្នកដែលត្រូវការពួកគេ និងដោះស្រាយការកើនឡើងតម្លៃម្ហូបអាហារ ដើម្បីធ្វើឲ្យស្ងប់ស្ងាត់ការប្រែប្រួលទីផ្សារ”។

លោកបានពន្យល់ថា ដំណោះស្រាយចំពោះអសន្តិសុខ ស្បៀងជាសាកលបច្ចុប្បន្ន “ទាមទារឱ្យមានការរួមបញ្ចូលឡើងវិញ នូវផលិតកម្មកសិកម្មរបស់អ៊ុយក្រែន និងការផលិតអាហារ និងជីរបស់រុស្ស៊ី និងបេឡារុស្សទៅក្នុងទីផ្សារពិភពលោក” ទោះបីជាជម្លោះនៅតែបន្តកើតមានក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top