ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងប្រឈមនឹង ទណ្ឌកម្មថាមពល ដែលដាក់ដោយប្រទេសរុស្ស៊ី

បឺលីន៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ លោក Robert Habeck បានឲ្យដឹងក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងសភាជាន់ទាបរបស់ប្រទេសនេះ ដោយលើកឡើងថា ប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងទណ្ឌកម្មថាមពល ដែលដាក់ដោយប្រទេសរុស្ស៊ី។

លោក Habeck បានលើកឡើងថា “យើងបានរៀបចំខ្លួន យើងសម្រាប់ស្ថានភាព” ដោយកត់សម្គាល់ថា ទីផ្សារថាមពលបានផ្តល់ជម្រើសគ្រប់គ្រាន់ និងអាចទូទាត់សង សម្រាប់ការបាត់បង់ឧស្ម័នពីប្រទេសរុស្ស៊ី។

ក្រុងម៉ូស្គូកាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនថាមពលអឺរ៉ុប។ ក្រុមហ៊ុន Gazprom Germania និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយចំនួន មិនត្រូវបានផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ីទៀតនោះទេ។

ក្រុមហ៊ុន Gazprom Germania បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ ភ្នាក់ងារបណ្តាញសហព័ន្ធរបស់អាល្លឺម៉ង់ (BNetzA) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

BNetzA បានឲ្យដឹងថា “ជារួម លំហូរឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់ គឺស្ទើរតែមិនផ្លាស់ប្តូរ” ។ ទោះយ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍នឹងត្រូវតាមដាន យ៉ាងដិតដល់។ កម្រិតនៃការបំពេញកន្លែងផ្ទុកហ្គាស នាពេលបច្ចុប្បន្ននៅក្នុងប្រទេសអាល្លឺម៉ង់ គឺខ្ពស់ជាងមធ្យមភាគនៃឆ្នាំមុនបន្តិច ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top