ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ស៊ុយអែត ៖ “អ្វីដែលល្អបំផុត” សម្រាប់សន្តិសុខ របស់ប្រទេសលោកស្រី គឺចូលរួមជាមួយណាតូ

បរទេស ៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បានលើកឡើងថា តម្រូវការសន្តិសុខរបស់ប្រទេសស៊ុយអែត ត្រូវបានបម្រើយ៉ាងល្អបំផុត ដោយសមាជិកភាពណាតូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកស្រីបានលើកឡើង បន្ទាប់ពីគណបក្សរបស់លោកស្រី បានបោះបង់ចោលការប្រឆាំង ជាច្រើនទសវត្សរ៍ក្នុងការចូលរួម ក្នុងសម្ព័ន្ធភាពដឹកនាំ ដោយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន។

លោកស្រី Andersson បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “អ្វីដែលល្អបំផុតសម្រាប់សន្តិសុខរបស់ប្រទេសស៊ុយអែត និងប្រជាជនស៊ុយអែត គឺចូលរួមជាមួយណាតូ”។

លោកស្រីបានបញ្ជាក់ថា “យើងជឿថា ស៊ុយអែតត្រូវការការធានាសុវត្ថិភាពជាផ្លូវការ ដែលភ្ជាប់មកជាមួយសមាជិកភាព ក្នុងអង្គការណាតូ”។

ហ្វាំងឡង់ក៏នឹងដាក់ពាក្យ សុំចូលជាសមាជិកណាតូផងដែរ ដែលប្រធានាធិបតី និងរដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top