ព័ត៌មានអន្តរជាតិ

រុស្សី៖ លោកខាងលិច ប្រើប្រាស់អ៊ុយក្រែន ជាឡេសធ្វើសង្គ្រាម តែមិនប្រកាសជាផ្លូវការ

បរទេស៖ យោងតាមការអះអាងដោយ លេខាធិកានៃក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្សីលោក Nikolay Patrushev កាលពីថ្ងៃម្សិលមិញនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកខាងលិច បានប្រើប្រាស់អ៊ុយក្រែន ជាឡេសក្នុងការធ្វើសង្គ្រាមមួយ ទាំងដែលមិនចាំបាច់ប្រកាសជាផ្លូវការ Undeclared War ជាមួយនឹងរុស្សី។

ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលោក Patrushevបានបញ្ជាក់ទៀតដែរថា ស្ថានភាពបច្ចុប្បន្ននេះគឺជាពេល ដែលយើងកំពុងជួបវិបត្តិភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់កើតមានពីមុនមកឡើយ ហើយវាកើតឡើងដោយសារការបំផ្លិចបំផ្លាញ ដែលដឹកនាំដោយលោកខាងលិច ក្នុងនោះក៏មានទាំងស្ថាបត្យកម្ម សន្តិសុខសកលលោក
និងប្រព័ន្ធច្បាប់អន្តរជាតិផងដែរ។

លោកបន្តថា៖ ជំនួសឲ្យការអំពាវនាវ ដើម្បីចូលរួមពិភាក្សាគ្នាដោះស្រាយ បញ្ហាជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ប៉ុន្តែអាមេរិកនិងសម្ព័ន្ធមិត្តបែរជានាំគ្នា បង្កើតសមយុទ្ធយោធាបង្កើន សកម្មភាពយោធាឆ្ពោះមករករុស្សី ហើយថែមទាំងរុញឲ្យរដ្ឋាភិបាលទីក្រុងគៀវ ក្នុងការរៀបចំសកម្មភាពហិង្សា នៅតំបន់ភាគខាងកើតអ៊ុយក្រែនទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top