ព័ត៌មានអន្តរជាតិ

លោក Erdogan ជំរុញស៊ុយអែត និងហ្វាំងឡង់ ដោះស្រាយកង្វល់សន្តិសុខ របស់ប្រទេសតួកគី

អ៊ីស្ដង់ប៊ុល៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជជែកជាមួយមេដឹកនាំ នៃប្រទេសស៊ុយអែត និងហ្វាំងឡង់ កាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យ រដ្ឋបេក្ខជននៃអង្គការណាតូទាំងពីរ ដោះស្រាយកង្វល់សន្តិសុខ របស់ប្រទេសតួកគី។

ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Erdogan បានប្រាប់នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទថា ប្រទេស Nordic គួរតែបញ្ចប់ការគាំទ្រផ្នែកនយោបាយ ហិរញ្ញវត្ថុ និងអាវុធដល់ “អង្គការភេរវកម្ម” ។

លោក Erdogan បានកត់សម្គាល់ថា ប្រទេសតួកគីរំពឹងថា ប្រទេសស៊ុយអែត នឹងចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយកង្វល់របស់ខ្លួន អំពីគណបក្សពលករឃឺដ ដែលមិនស្របច្បាប់ និងការពង្រីករបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ផ្ទាំងពាណិជ្ជកម្ម

លោកក៏បានជំរុញប្រទេសស៊ុយអែត ឱ្យដកការហ៊ុមព័ទ្ធការនាំចេញអាវុធ ដែលដាក់លើប្រទេសតួកគី បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើម ប្រតិបត្តិការយោធាឆ្លងព្រំដែន នៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ២០១៩ ។

នៅក្នុងការអំពាវនាវដាច់ដោយឡែក មួយជាមួយប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto លោក Erdogan បានលើកឡើងថា ការមិនអើពើនឹងការគំរាមកំហែងភេរវកម្ម ដែលសម្ព័ន្ធមិត្តណាតូប្រឈមមុខ គឺមិនស៊ីគ្នានឹងស្មារតីនៃមិត្តភាព និងសម្ព័ន្ធភាពឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top