ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ៖ ប្រទេសចំនួន១៣ នឹងរួមគ្នាក្នុងការធ្វើពាណិជ្ជកម្ម នៅអាស៊ី-ប៉ាស៊ីហ្វិក

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតី បានប្រកាស នៅថ្ងៃចន្ទនេះ នៅទីក្រុងតូក្យូថា ប្រទេសចំនួន១៣ នឹងចូលរួមក្នុងគំនិតផ្តួចផ្តើម ពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលដឹកនាំដោយ សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថា ជាការប្រឆាំងទៅនឹងការពង្រីកយ៉ាងខ្លាំងក្លា របស់ចិននៅក្នុងតំបន់ ។

លោក បៃដិន បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ថា “សហរដ្ឋអាមេរិក និងជប៉ុន រួមជាមួយនឹងប្រទេសចំនួន១១ ផ្សេងទៀតនឹងចាប់ផ្តើម “ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់វិបុលភាព ឬកាត់ថា IPEF” ។

លោកបានមានថ្លែងថា “ក្របខ័ណ្ឌនេះ គឺជាការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយមិត្តភក្តិជិតស្និទ្ធ និងដៃគូរបស់យើង នៅក្នុងតំបន់លើបញ្ហាប្រឈម ដែលមានសារៈសំខាន់បំផុត ក្នុងការធានាការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចក្នុងសតវត្សទី២១” ។

លោក បៃដិន គ្រោងនឹងដាក់ចេញជាផ្លូវការ នូវក្របខណ្ឌនៅថ្ងៃចន្ទនេះតែម្តង ។ គាត់មិនបានបញ្ជាក់ថា ប្រទេសណាខ្លះដែលបានចុះហត្ថលេខាលើ IPEF នោះទេ ។

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ធ្លាប់បានលើកឡើងថា សិង្ហបុរីមានបំណងចូលរួមជាមួយ IPEF ដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top