ព័ត៌មានអន្តរជាតិ

លោក Erdogan៖ ប្រទេសតួកគី នឹងចាប់ផ្តើមប្រតិបត្តិការ យោធាថ្មី នៅភាគខាងជើងស៊ីរី

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី កំពុងរៀបចំសម្រាប់ប្រតិបត្តិការ យោធាថ្មីមួយនៅភាគខាងជើង ប្រទេសស៊ីរី ដើម្បីបង្កើតតំបន់សុវត្ថិភាពជម្រៅ ៣០គីឡូម៉ែត្រ តាមបណ្តោយព្រំដែន ភាគខាងត្បូងរបស់ខ្លួន ។

លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន មួយបន្ទាប់ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “នៅពេលដែលកងកម្លាំង ប្រដាប់អាវុធតួកគី បញ្ចប់ការស៊ើបការណ៍សម្ងាត់ និងការរៀបចំសន្តិសុខរបស់ខ្លួន ប្រតិបត្តិការទាំងនេះនឹងចាប់ផ្តើម” ។

លោកបានបន្ដថា ប្រតិបត្តិការនេះនឹងផ្តោតលើ តំបន់នៅភាគខាងជើងប្រទេសស៊ីរី ដែលយោធាតួកគី មិនមានការគ្រប់គ្រង និងជា “មជ្ឈមណ្ឌល នៃការវាយប្រហារដល់ប្រទេសរបស់យើង និងតំបន់សុវត្ថិភាពរបស់យើង” ។

កងកម្លាំងតួកគី និងសមាជិកអង្គភាព ការពារប្រជាជនឃឺដ (YPG) របស់ស៊ីរី ជារឿយៗមានការបាញ់ប្រហារគ្នានៅក្នុងតំបន់ ហើយការប៉ះទង្គិចគ្នាបានកើនឡើង ចាប់តាំងពីដើមឆ្នាំនេះមក។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ដថា ក្រុមប្រឹក្សាសន្តិសុខជាតិ តួកគីនឹងពិភាក្សាអំពីបញ្ហានេះនៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា កងទ័ពតួកគី បានចាប់ផ្តើមប្រតិបត្តិការ Euphrates Shield ក្នុងឆ្នាំ២០១៦ ប្រតិបត្តិការសាខា Olive ក្នុងឆ្នាំ២០១៨ ប្រតិបត្តិការ Peace Spring ក្នុងឆ្នាំ២០១៩ និង Operation Spring Shield ក្នុងឆ្នាំ២០២០ នៅភាគខាងជើងប្រទេសស៊ីរី ក្នុងគោលបំណងលុបបំបាត់ការគំរាមកំហែងភេរវកម្ម និងផ្តល់តំបន់សុវត្ថិភាពដែលនឹង ជួយសម្រួលដល់ការវិលត្រឡប់ របស់ជនភៀសខ្លួនស៊ីរីទៅផ្ទះរបស់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top