ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ រុស្ស៊ី ដោះស្រាយ ការដាក់ទណ្ឌកម្ម បានដោយ ជោគជ័យ

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ី កំពុងទប់ទល់នឹងការវាយលុក នៃទណ្ឌកម្មរបស់លោកខាងលិច “បានយ៉ាងល្អ” ទោះបីជាមានការលំបាកទាំងអស់ ដូចដែលបានបង្ហាញ ដោយសូចនាករម៉ាក្រូ សេដ្ឋកិច្ចសំខាន់ៗទាំងអស់ ក៏ដោយ ។

វិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចពិភាក្សា ជាមួយប្រធានាធិបតី បេឡារុស្ស លោក Alexander Lukashenko នៅទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ Sochi របស់ប្រទេសរុស្ស៊ី ។

យោងតាមលោក ពូទីន មេដឹកនាំទាំងពីរបានជួបប្រជុំគ្នា ដោយសារតែស្ថានភាពទាក់ទង នឹងសន្តិសុខក្នុងតំបន់ សន្តិសុខ នៃប្រទេសទាំងពីរ និងសេដ្ឋកិច្ច “អំពាវនាវឱ្យមានការសន្ទនាដ៏ហ្មត់ចត់ និងស៊ីជម្រៅ” ។

លោកពូទីន បានកត់សម្គាល់ថា ប្រទេសរុស្ស៊ី និងបេឡារុស្ស មានវិស័យជាច្រើន នៃការងាររួមគ្នារួមទាំងវិស័យថាមពល និងកសិកម្មផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Lukashenko បានលើកឡើងថា បណ្តាប្រទេសលោកខាងលិច បានផ្តល់កម្លាំងរុញច្រាន ដល់ប្រទេសបេឡារុស និងរុស្ស៊ី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ដោយសង្កត់ធ្ងន់ថា “យើងមានទីផ្សារដ៏ធំ ធនធាន និងបច្ចេកវិទ្យា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top