ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក ចោទប្រតិភូចិន ថា មិនអបអរសាទរចំពោះសុន្ទរកថា របស់លោក Zelensky និងផ្គើនដើរចេញពីបន្ទប់

បរទេស៖ ប្រទេសចិនបានចោទសមាជិកសភាអាមេរិកលោក Michael McCa ពីការបំភ្លៃការពិតដោយនិយាយថា គណៈប្រតិភូរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos បានបដិសេធ មិនអបអរសាទរសុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយបានចាកចេញពីបន្ទប់ ដោយការផ្គើន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេល នៃការបង្ហាញខ្លួនផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីថ្ងៃច័ន្ទ លោក McCaul បានបង្ហាញរូបថត របស់អ្នកតំណាងជនជាតិចិនដែលអង្គុយ ខណៈដែលអ្នកទស្សនាផ្សេងទៀតបានបង្ហាញការអបអរសាទរ ទៅកាន់លោក Zelensky ដែលបាននិយាយនៅក្នុងព្រឹត្តិការណ៍នេះតាមរយៈតំណភ្ជាប់វីដេអូមួយ។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋរបស់អាមេរិក លោក McCaul បានទទូចថា គណៈប្រតិភូរបស់ ទីក្រុងប៉េកាំង បន្ទាប់មកបានចាកចេញពីបន្ទប់ ដូច្នេះ នេះជាការ”ផ្ញើសារយ៉ាងច្បាស់ថា ពួកគេមិនគាំទ្រ អ៊ុយក្រែន” ។

ប្រទេសចិនបានឆ្លើយតបទៅនឹងការអះអាងរបស់លោក McCaul កាលពីថ្ងៃអង្គារដោយនិយាយថា សមាជិក សភារូបនេះ បាន “បំភ្លៃការពិត និងបង្កាច់បង្ខូចជំហរ” នៃគណៈប្រតិភូរបស់ខ្លួន។ តំណាងចិននៅទីក្រុង Davos បានពន្យល់ប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា ពួកគេកំពុងជួបពិភាក្សាជាមួយ ប្រធានទីភ្នាក់ងារ ថាមពលអន្តរជាតិ Fatih Birol នៅពេលដែលមេដឹកនាំអ៊ុយក្រែនកំពុងថ្លែងសុន្ទរកថារបស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top