ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក៖ សមយុទ្ធយន្តហោះ ទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់រុស្ស៊ី និងចិន បង្ហាញពីការរៀបចំ ដ៏ស៊ីជម្រៅ របស់ប្រទេសទាំងពីរ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងថា សមយុទ្ធយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររួមគ្នា ដោយរុស្ស៊ី និងចិន នៅថ្ងៃអង្គារ នេះបង្ហាញពីការរៀបចំដ៏ជម្រៅរបស់ប្រទេសទាំង២នេះ ។

នៅមុននេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការល្បាតរួមគ្នា ដែលក្រសួងបានឲ្យដឹងថា មានរយៈពេល១៣ម៉ោងនៅលើសមុទ្រជប៉ុន និងចិនខាងកើត ហើយពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 និង Xian H-6 របស់     រុស្ស៊ី ។

រុស្ស៊ីបានលើកឡើងថា យន្តហោះមកពីកងទ័ពអាកាសជប៉ុន និងកូរ៉េខាងត្បូង បានឃើញស្រមោលយន្តហោះរុស្ស៊ី និងចិនដែលជាផ្នែកនៃធ្វើសមយុទ្ធនេះ ។

ក្រសួងការពារជាតិរបស់ប្រទេសចិន ក៏បានបញ្ជាក់ពីការល្បាតនេះផងដែរ ហើយបានលើកឡើងថា វាគឺជាផ្នែកនៃសមយុទ្ធយោធាប្រចាំឆ្នាំ ។

សកម្មភាពនេះគឺជាសមយុទ្ធយោធារួមគ្នា លើកដំបូងដោយចិន និងរុស្ស៊ី ចាប់តាំងពីទីក្រុងម៉ូស្គូ បានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយវាកើតឡើងនៅចុងបញ្ចប់ នៃការធ្វើដំណើរ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់តំបន់នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top