យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett កាលពីថ្ងៃអង្គារបានស្វាគមន៍ការ សម្រេចចិត្ត របស់សហរដ្ឋអាមេរិក ដែលបានរាយការណ៍ក្នុងការរក្សាអង្គភាព ឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ នៅក្នុងបញ្ជីភេរវកររបស់ខ្លួន ។
លោក Bennett បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរក្សាអង្គភាព IRGC របស់អ៊ីរ៉ង់ នៅក្នុងបញ្ជីខ្មៅ របស់សហរដ្ឋអាមេរិក “គឺជាការសម្រេចចិត្តត្រឹមត្រូវ សីលធម៌ និងយុត្តិធម៌ដោយប្រធានាធិបតី សហរដ្ឋអាមេរិកលោក បៃដិន” លោក Bennett បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយ ដោយបន្ថែមថា លោកត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរ នៅក្នុងការហៅទូរស័ព្ទចុងក្រោយរបស់គាត់ជាមួយលោក បៃសិន នៅថ្ងៃទី២៤ ខែមេសា ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ីស្រាអែល បានជំរុញក្រុងវ៉ាស៊ីនតោនកុំឱ្យដក IRGC ចេញពីបញ្ជីខ្មៅនៃក្រុមភេរវករ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលកំពុងលេចចេញ ដោយចោទប្រកាន់កងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់ថា បានធ្វើឱ្យខូចស្ថិរភាពនៅមជ្ឈិមបូព៌ា ។
គួរបញ្ជាក់ថា អ៊ីស្រាអែលចាត់ទុកអ៊ីរ៉ង់ ជាសត្រូវរបស់ខ្លួន ហើយបានធ្វើការវាយប្រហារ តាមអាកាសជាច្រើន នៅក្នុងប្រទេសស៊ីរី លើអ្វីដែលខ្លួនអះអាងថា ជាទីតាំងយោធាអ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា