ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន នឹងធ្វើដំណើរដោយផ្ទាល់ ទៅកាន់ទីតាំងបាញ់ប្រហារគ្នា បណ្តាលឲ្យស្លាប់កូនសិស្ស អស់ជាច្រើននាក់នៅរដ្ឋតិចសាស់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរទៅកាន់ទីក្រុង Uvalde រដ្ឋតិចសាស់ នៅថ្ងៃអាទិត្យខាងមុខនេះ បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំ នៅឯសាលារៀន ដែលបានបណ្តាលឲ្យកុមារ១៩នាក់ និងគ្រូបង្រៀន២នាក់បាត់បង់ជីវិត ។

សេតវិមានបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា លោក បៃដិន និងស្ត្រីទីមួយ Jill Biden គ្រោងនឹងទៅកាន់ទីតាំង “សោកសៅជាមួយសហគមន៍ ដែលបានបាត់បង់ជីវិតអ្នកជាក្តីស្រលាញ់ ចំនួន២១នាក់ ក្នុងការបាញ់ប្រហារ នៅឯសាលាបឋមសិក្សា ដែលជាហេតុការណ៍ដ៏គួរឱ្យរន្ធត់” ។

ខ្មាន់កាំភ្លើង ដែលត្រូវបានគេស្គាល់ថា ជាសិស្សវិទ្យាល័យ Uvalde អាយុ១៨ឆ្នាំ ឈ្មោះ Salvador Rolando Ramos ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីនៅពេលបាញ់តដៃគ្នា ។ គាត់បានប្រើកាំភ្លើងប្រភេទ AR ២ដើម ទាំងទិញស្របច្បាប់ សម្រាប់ការវាយប្រហារមួយនេះ ។

លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថា ពីសេតវិមាន​កាលពីយប់ថ្ងៃអង្គារថា “គំនិតដែលក្មេងអាយុ១៨ឆ្នាំ​អាចដើរចូលទៅក្នុងហាងលក់កាំភ្លើង និងទិញអាវុធវាយប្រហារ២ គឺខុសគ្នា” ។

គាត់ក៏បានអំពាវនាវ ឱ្យមានការបញ្ចុះបញ្ចូល ដល់ការលក់កាំភ្លើងដ៏មានឥទ្ធិពល នៅក្នុងសហរដ្ឋអាមេរិក និងបានជំរុញឱ្យសភាអនុម័តច្បាប់ គ្រប់គ្រងកាំភ្លើង បន្ទាប់ពីការកើនឡើង នៃអំពើហិង្សាទាក់ទងនឹងអាវុធនេះ ។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បានបង្ហាញពីឆន្ទៈក្នុងការពិភាក្សា​ជាមួយគណបក្សប្រជាធិបតេយ្យ អំពីច្បាប់ស្តីពីកាំភ្លើង​​ ដែលត្រូវបានជាប់គាំង ជាយូរមកហើយនៅវិមាន Capitol Hill ។

និស្សិតនៅទូទាំងសហរដ្ឋអាមេរិក បានដើរចេញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សា ដោយកាំភ្លើង និងភាពអសកម្មរបស់អ្នកនយោបាយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top