ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង ជំរុញឲ្យអាមេរិក បញ្ឈប់ការប្រឌិត ការផ្សព្វផ្សាយ ការភូតភរ និងពាក្យចចាមអារ៉ាម ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រទេសចិន

ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Zhao Lijian បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រឌិត និងការផ្សាយភូតកុហក និងពាក្យចចាមអារ៉ាម គ្រប់បែបយ៉ាង ដើម្បីបន្ទាបបន្ថោកចិន និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន ក្នុងនាមបញ្ហាសិទ្ធិមនុស្ស។

លោកបានលើកឡើង នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបង្កាច់បង្ខូចប្រទេសចិន លើបញ្ហាដែលទាក់ទងនឹង Xinjiang ទីបេ និងហុងកុង។

ជាការឆ្លើយតប លោក Zhao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការចោទប្រកាន់ដែលមិនសមរម្យអំពី “អំពើប្រល័យពូជសាសន៍” “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” និង “ជំរុំឃុំឃាំង” នៅក្នុង Xinjiang នៅក្នុងសុន្ទរកថារបស់ Blinken គឺគ្មានអ្វីក្រៅពីការកុហកដ៏ធំបំផុតនៃសតវត្សន៍។

លោក Zhao បានបន្ដថា ប្រទេសចិន បានបំភ្លឺការពិតម្តងហើយម្តងទៀត ដោយបង្ហាញការពិតលើរឿងនោះ។ ចាប់តាំងពីការរំដោះទីបេដោយសន្តិវិធីជាង ៧០ឆ្នាំមុន ទីបេបានមើលឃើញភាព រុងរឿងផ្នែកសេដ្ឋកិច្ច ភាពសុខដុមរមនាក្នុងសង្គម និងការអភិវឌ្ឍន៍សាសនា និងវប្បធម៌។

ចាប់តាំងពីការអនុវត្តច្បាប់ស្តីពីការការពារសន្តិសុខជាតិ នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង អ្វីដែលគេហៅថា “ការមើលឃើញដ៏ស្រស់ស្អាត” នៅក្នុងក្រសែភ្នែករបស់អ្នកនយោបាយ អាមេរិក មួយចំនួនបានបាត់ទៅវិញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top