ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ជំរុញឲ្យបញ្ចប់ភាពតានតឹង នៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យបញ្ចប់ការកើនឡើង នៃអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយបានជំរុញឱ្យភាគីទាំងពីរ ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។

លោក Macron បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដើម្បីពិភាក្សាអំពីការបញ្ចប់ភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើតាមទីភ្នាក់ងារ សារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍។

លោក Macron បានអំពាវនាវឱ្យភាគីទាំងសងខាង ជៀសវាងភាពតានតឹង ហើយឈានទៅរកគំនិតផ្តួចផ្តើម ដែលនឹងនាំទៅរកការផ្តួចផ្តើម គំនិតនយោបាយ ដើម្បីជួយសម្រួលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកក៏បានអញ្ជើញលោក Abbas ទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីស ផងដែរ។

លោក Abbas បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងទឹកដីប៉ាឡេស្ទីន មិនអាចអត់ឱនបានទេ ដោយបានរិះគន់អ៊ីស្រាអែល ចំពោះការមិនធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខា។

ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកំពុងឆាបឆេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលការវាយប្រហារ ជាបន្តបន្ទាប់របស់ប៉ាឡេស្ទីន បានចាប់ផ្តើមការវាយឆ្មក់ស្ទើរតែ រាល់ថ្ងៃដោយអ៊ីស្រាអែល ដើម្បីចាប់ខ្លួនជនសង្ស័យនៅតំបន់ West Bank ។ ភាពតានតឹង ត្រូវបានជំរុញបន្ថែមទៀត ដោយការប៉ះទង្គិចគ្នា នៅបរិវេណវិហារឥស្លាម Al-Aqsa ក្នុងក្រុងយេរ៉ូសាឡឹម ខាងកើតផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top