ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងត្បូង និងអាមេរិក បាញ់មីស៊ីល ៨គ្រាប់ ឆ្លើយតបទៅនឹងការបាញ់ សាកល្បងមីស៊ីលផ្លោង របស់កូរ៉េខាងជើង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រីមួយរូបមកពី ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់ស៊ីលផ្ទៃរាបនៅព្រឹកថ្ងៃចន្ទ នេះ នៅឯឆ្នេរសមុទ្រខាងកើតរបស់ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យ ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូង ដែលបានលើកឡើងថាសកម្មភាពនេះ គឺជាការបង្ហាញពី “សមត្ថភាព និងការត្រៀមខ្លួនដើម្បីធ្វើការ វាយប្រហារយ៉ាងជាក់លាក់” ប្រឆាំងនឹងប្រភពនៃការបាញ់ មីស៊ីលរបស់កូរ៉េខាងជើង ឬមជ្ឈមណ្ឌលបញ្ជា និងជំនួយ ។

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានចូលកាន់តំណែងកាលពីខែមុន បានប្តេជ្ញាប្រកាន់ជំហរដ៏តឹងរ៉ឹង ប្រឆាំងនឹងកូរ៉េខាងជើង និងបានយល់ព្រមជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងកិច្ចប្រជុំកំពូលខែឧសភា ក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើឱ្យប្រសើរឡើង នូវសមយុទ្ធយោធារួមគ្នា និងឥរិយាបថរារាំងរួម បញ្ចូលគ្នារបស់ពួកគេ ។

ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលលើដីរាបចំនួន ៨គ្រាប់ ក្នុងរយៈពេលប្រហែល ១០នាទី ដោយចាប់ផ្តើមពីម៉ោង ៤និង៤៥នាទីព្រឹកនៅថ្ងៃចន្ទនេះ ដើម្បីឆ្លើយតបទៅនឹងមីស៊ីលចំនួន ៨គ្រាប់ ដែលកូរ៉េខាងជើងបាន បាញ់កាលពីថ្ងៃអាទិត្យ ។

មន្ត្រីម្នាក់មកពីក្រសួងការពារជាតិ កូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រព័ន្ធកាំជ្រួចយុទ្ធសាស្ត្រកងទ័ព (ATACMS) ចំនួន៨គ្រាប់ត្រូវបានបាញ់ ។

គួរបញ្ជាក់ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី របស់កូរ៉េខាងជើង ដែលបានបាញ់ឆ្ពោះទៅសមុទ្រ នៅឆ្នេរសមុទ្រភាគខាងកើត របស់ខ្លួនកាលពីថ្ងៃអាទិត្យ ទំនងជាការសាកល្បងតែមួយ ដ៏ធំបំផុតរបស់ខ្លួន ហើយបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់ ការសមយុទ្ធយោធារួមគ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top