ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ខណៈលុយដុល្លារ អាមេរិក ឡើងថ្លៃ

វ៉ាស៊ីនតោន ៖ តម្លៃប្រេង បានធ្លាក់ចុះ កាលពីថ្ងៃសុក្រ ចំពេលដែលប្រាក់ដុល្លារអាមេរិក ឡើងថ្លៃ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ទីផ្សារ West Texas Intermediate សម្រាប់ការចែកចាយ ខែកក្កដា បានធ្លាក់ចុះ ៨៤ សេន ឬ ០,៧ភាគរយ មកនៅត្រឹម ១២០,៦៧ដុល្លារអាមេរិក ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅ Brent សម្រាប់ការចែកចាយ ខែសីហាបានធ្លាក់ចុះ ១,០៦ដុល្លារ ឬ ០,៩ភាគរយ មកបិទនៅតម្លៃ ១២២,០១ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

តម្លៃប្រេង បានស្ថិតនៅក្រោមសម្ពាធ ខណៈប្រាក់ដុល្លារត្រលប់ឡើងវិញ បន្ទាប់ពីទិន្នន័យ បានបង្ហាញថា អតិផរណា អ្នកប្រើប្រាស់ របស់សហរដ្ឋអាមេរិក បានឡើងកម្ដៅខ្លាំង ជាងការរំពឹងទុកក្នុងខែឧសភា។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារធៀបនឹងដៃគូរសំខាន់ៗចំនួន៦ បានកើនឡើង ០,៨៨ភាគរយដល់ ១០៤,១៤៤០ ក្នុងការជួញដូរយឺតកាលពីថ្ងៃសុក្រ បន្ទាប់ពីការកើនឡើង ០,៦៨ភាគរយនៅក្នុងវគ្គមុន។ តាម ប្រវត្តិសាស្ត្រ តម្លៃ ប្រេង មាន ទំនាក់ទំនង បញ្ច្រាស់ នឹង តម្លៃ ដុល្លារ អាមេរិក។

គួរបញ្ជាក់ថា សម្រាប់សប្តាហ៍នេះ ស្តង់ដារប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង ១,៥ភាគរយ ខណៈដែល Brent បានកើនឡើង ១,៩ភាគរយ ដោយផ្អែកលើកិច្ចសន្យាមុនខែ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top