ព័ត៌មានអន្តរជាតិ

UN៖ ជនអន្តោប្រវេសន៍ជាច្រើននាក់ បាត់បង់ជីវិតនៅពេលឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុប

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថា ទោះបីជាចំនួនជនភៀសខ្លួន និងជនចំណាកស្រុក ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុប មានចំនួនទាបជាងមុនបន្តិចក៏ដោយ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំង ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR បានឲ្យដឹងកាលពីថ្ងៃសុក្រ ។

លោកស្រី Shabia Mantoo អ្នកនាំពាក្យរបស់ទីភ្នាក់ងារ UNHCR បានលើកឡើងថា ខណៈដែលចំនួនជនភៀសខ្លួន និងជនចំណាកស្រុកដែល បានរាយការណ៍ឆ្លងសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុបមានតិចជាង កាលពីឆ្នាំ២០១៥ ការធ្វើដំណើរកាន់តែមានគ្រោះថ្នាក់ ។

លោកស្រីបានប្រាប់ដល់ សន្និសីទសារព័ត៌មានថា “ចាប់តាំងពីការឡើងដល់កំពូល ក្នុងឆ្នាំ២០១៥ ដែលក្នុងនោះជនភៀសខ្លួន និងជនចំណាកស្រុកជាង ១លាននាក់ បានឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប ចំនួននៃការធ្វើដំណើរទាំងនេះ បានមើលឃើញពីនិន្នាការធ្លាក់ចុះ” ។

លោកស្រីបានឲ្យដឹងទៀតថា “នៅឆ្នាំ២០២១ ការឆ្លងកាត់របស់ពលរដ្ឋចំនួន ១២៣.៣០០នាក់ ត្រូវបានរាយការណ៍ ហើយមុននោះគឺ ៩៥.៨០០ នៅក្នុងឆ្នាំ២០២០ និង១២៣.៧០០នៅក្នុងឆ្នាំ២០១៩ និងចំនួន ១៤១.៥០០នាក់នៅក្នុងឆ្នាំ២០១៨”។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបានលើកឡើងថា កាលពីឆ្នាំមុន ពលរដ្ឋចំនួន៣.២៣១នាក់ត្រូវបានកត់ត្រាថា បានស្លាប់ឬបាត់ខ្លួននៅក្នុងសមុទ្រ នៅឯសមុទ្រមេឌីទែរ៉ាណេ និងភាគពាយព្យនៃ មហាសមុទ្រអាត្លង់ទិកជាមួយនឹងចំនួន ១.៨៨១នាក់នៅក្នុងឆ្នាំ២០២០ និងចំនួន១.៥១០នាក់ នៅក្នុងឆ្នាំ២០១៩ និងលើសពី២.២៧៧នាក់ នៅក្នុងឆ្នាំ២០១៨ ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ UNHCR បានព្រមានជាបន្តបន្ទាប់អំពីបទពិសោធន៍ និងគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់ដែល ប្រឈមមុខដោយជនភៀសខ្លួន និងជនចំណាកស្រុកដែលងាក មករកការធ្វើដំណើរទាំងនេះ ដែលភាគច្រើននៃពួកគេទាំងនោះ កំពុងរត់គេចពីអំពើហិង្សា និងជម្លោះដែលបានកំពុងកើតឡើងនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top