បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន បានប្តេជ្ញានៅក្នុងសុន្ទរកថាមួយ ចំពេលសមភាគីរបស់គាត់ មកពីប្រទេសផ្សេងទៀតរួមទាំង សហរដ្ឋអាមេរិកផងដែរថា ចិននឹង “ប្រយុទ្ធឱ្យដល់ទីបញ្ចប់” ដើម្បីបញ្ឈប់កោះតៃវ៉ាន់ ពីការប្រកាសឯករាជ្យ។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wei Fenghe រដ្ឋមន្រ្តីការពារជាតិចិន បានប្រាប់កិច្ចប្រជុំសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី ជាកន្លែងដែលលោក បានហៅកោះតៃវ៉ាន់ថាជា “តៃវ៉ាន់គឺជារឿងដំបូងគេ និងសំខាន់បំផុតរបស់ចិន”ថា «យើងនឹងប្រយុទ្ធដោយអស់តម្លៃ ហើយយើងនឹងតស៊ូដល់ទីបញ្ចប់ នេះជាជម្រើសតែមួយគត់សម្រាប់ប្រទេសចិន” ។
រដ្ឋមន្រ្តីការពារជាតិចិនរូបនេះ បានបន្តថា “អ្នកដែលបន្តទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់ ក្នុងការប៉ុនប៉ងបំបែកចិនច្បាស់ ជានឹងមិនមានទីបញ្ចប់ដែលល្អនោះទេ។ គ្មាននរណាម្នាក់ ដែលគួរតែមើលស្រាលការតាំងចិត្ត និងសមត្ថភាពរបស់កងកម្លាំង ប្រដាប់អាវុធចិនក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនឡើយ»។
សុន្ទរកថារបស់លោកបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចោទប្រកាន់ប្រទេសចិនពីបទ “បង្កហេតុ និងធ្វើឱ្យមានអស្ថិរភាព” សកម្មភាពយោធា នៅជិតកោះនេះ៕