ព័ត៌មានអន្តរជាតិ

Update៖ កងកម្លាំងរុស្ស៊ី បំផ្ទុះគ្រាប់បែកផ្តាច់ស្ពានតភ្ជាប់ពីក្រុង Sievierodonetsk របស់អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះគ្រាប់បែកផ្តាច់ស្ពានតភ្ជាប់ពីទីក្រុង Sievierodonetsk របស់ប្រទេសអ៊ុយក្រែន ដែលកំពុងប្រយុទ្ធគ្នាទៅកាន់ ទីក្រុងមួយផ្សេងទៀតឆ្លងកាត់ទន្លេ ដោយកាត់ផ្តាច់ផ្លូវជម្លៀសជន ស៊ីវិលដែលអាចធ្វើទៅបាន ។


ទីក្រុង Sievierodonetsk បានក្លាយជាចំណុចកណ្តាលនៃការប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់ Donbas នៅ ភាគខាងកើតរបស់អ៊ុយក្រែន ។

ផ្នែកខ្លះនៃទីក្រុងនេះត្រូវបានបំផ្លាញនៅក្នុងការប្រយុទ្ធគ្នា បង្ហូរឈាមយ៉ាងខ្លាំងក្លាបំផុត ចាប់តាំងពីវិមាន ក្រឹមឡាំង បានបើកការឈ្លានពានរបស់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅក្នុងសុន្ទរកថាវីដេអូពេលយប់ របស់គាត់ថា “គោលដៅយុទ្ធសាស្ត្រសំខាន់ របស់អ្នកកាន់កាប់មិនផ្លាស់ប្តូរទេ ពួកគេកំពុងកំណត់យកក្រុង Sievierodonetsk ដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងកំពុងបន្តកើតឡើងនៅទីនោះ” ដោយថ្លែងទៀតថា យោធារុស្ស៊ី កំពុងព្យាយាមដាក់ពង្រាយបម្រុងនូវកម្លាំងទៅកាន់តំបន់ Donbas ។

អភិបាលខេត្ត Luhansk លោក Serhiy Gaidai បានលើកឡើងថា កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅតែកំពុង ប្រយុទ្ធគ្នានៅ តាមដងផ្លូវនៅទីនោះកាលពីថ្ងៃអាទិត្យ ។

កងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុងភាគច្រើន ប៉ុន្តែទាហានអ៊ុយក្រែននៅតែគ្រប់គ្រងតំបន់ឧស្សាហកម្ម និងរោងចក្រគីមី Azot ដែលជាកន្លែងដែលជនស៊ីវិលរាប់រយនាក់កំពុងជ្រកនៅទីនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top