ព័ត៌មានអន្តរជាតិ

ឃ្លាំងអាវុធនុយក្លេអ៊ែរសកល នឹងកើនឡើង ជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់

បរទេស៖ អង្គភាពគិតគូរឈានមុខគេ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ឃ្លាំងអាវុធនុយក្លេអ៊ែរសកល ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់ ខណៈដែលហានិភ័យនៃអាវុធ ដែលត្រូវបានប្រើប្រាស់ គឺខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍នេះ។

 វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឲ្យដឹងនៅក្នុងសំណុំ នៃការស្រាវជ្រាវមួយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន និងការគាំទ្រ របស់លោកខាងលិចសម្រាប់ទីក្រុងគៀវ បានបង្កើនភាពតានតឹង ក្នុងចំណោមរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរចំនួន ៩ របស់ពិភពលោក។

 ខណៈពេលដែលចំនួនអាវុធនុយក្លេអ៊ែរ បានធ្លាក់ចុះបន្តិចនៅចន្លោះខែមករា ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ វិទ្យាស្ថាននេះបានឲ្យដឹងថា លុះត្រាតែមានសកម្មភាពភ្លាមៗ ដោយមហាអំណាចនុយក្លេអ៊ែរនោះ ចំនួនក្បាលគ្រាប់អាចចាប់ផ្តើមកើនឡើង ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។

 លោក Wilfred Wan នាយកកម្មវិធីអាវុធប្រល័យលោក នៃវិទ្យាស្ថានបាននិយាយ នៅក្នុងសៀវភៅ ឆ្នាំ២០២២ របស់ខ្លួនថា “រដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរទាំងអស់ កំពុងបង្កើន ឬធ្វើឱ្យប្រសើរឡើង នូវឃ្លាំងអាវុធរបស់ពួកគេ ហើយភាគច្រើនកំពុងធ្វើឱ្យច្បាស់នូវវោហាសាស្ត្រនុយក្លេអ៊ែរ និងតួនាទីអាវុធនុយក្លេអ៊ែរ នៅក្នុងយុទ្ធសាស្ត្រយោធារបស់ពួកគេ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top