ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ហៅការកាត់ឧស្ម័ន របស់ក្រុមហ៊ុន ថាមពលយក្ស របស់រុស្ស៊ី ថា ជាហេតុផលនយោបាយ

បរទេស ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានថ្កោលទោសការសម្រេចចិត្ត របស់ក្រុមហ៊ុនថាមពលយក្សរុស្ស៊ីឈ្មោះ Gazprom ក្នុងការកាត់លំហូរ ឧស្ម័នរបស់ខ្លួន តាមបំពង់ Nord Stream ជុំវិញបញ្ហាបច្ចេកទេស ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់ លោក Robert Habeck បានអះអាងថា ការកាត់នេះ គឺមានហេតុផលនយោបាយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Habeck បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “ខ្ញុំមានការចាប់អារម្មណ៍ថា អ្វីដែល បានកើតឡើងកាលពីម្សិលមិញគឺ ជាការសម្រេចចិត្តផ្នែកនយោបាយ ហើយមិនមែនជាការសម្រេចចិត្ត ដែលអាចត្រឹមត្រូវក្នុង លក្ខខណ្ឌបច្ចេកទេសនោះទេ” ។

ក្រុមហ៊ុន Gazprom បាននិយាយថា ខ្លួននឹងកាត់បន្ថយសមត្ថភាពផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់ Nord Stream ចំនួន ៦៧លានម៉ែត្រគូបក្នុងមួយថ្ងៃ រហូតដល់ប្រមាណ ១០០លានម៉ែត្រគូប ។ ក្រុមហ៊ុនបានពន្យល់ថា ខ្លួនត្រូវបញ្ឈប់ប្រតិបត្តិការ នៅអង្គភាព បូម Siemens មួយបន្ថែមទៀត នៅបំពង់បង្ហូរប្រេង ដោយបន្ទោសបញ្ហាបច្ចេកទេស លើទណ្ឌកម្មរបស់លោកខាងលិច ។ ពោលគឺ អង្គភាពបូមឧស្ម័ន ដែលបានជួសជុលសម្រាប់បំពង់បង្ហូរ North Stream មិនអាចត្រឡប់ពីរោងចក្រ ក្នុងប្រទេសកាណាដាវិញបានទេ ដោយសារការដាក់ទណ្ឌកម្ម របស់ប្រទេសប្រឆាំងនឹងរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top