ព័ត៌មានអន្តរជាតិ

ការចំណាយលុយ លើអាវុធនុយក្លេអ៊ែរសកល ត្រូវបានគណនា មកបង្ហាញ

បរទេស ៖ ការចំណាយលើសព្វាវុធ បរមាណូជាសាកល បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2021, នេះបើយោង តាមរបាយការណ៍ ចុងក្រោយបង្អស់របស់យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលត្រឹម តែមួយឆ្នាំ ប្រទេសដែលមានអាវុធ នុយក្លេអ៊ែរចំនួន៩ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន និងចក្រភព អង់គ្លេស បានចំណាយប្រាក់សរុបចំនួន 82,4 ពាន់លានដុល្លារ លើការធ្វើ ឱ្យប្រសើរឡើង និងរក្សាអាវុធនុយក្លេអ៊ែរ 13 000 ដែលគេប៉ាន់ស្មាន ដែលមានការកើនឡើង 9% ពីឆ្នាំមុន, នេះបើយោងតាមការប៉ាន់ ស្មានរបស់ ICAN ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍ដែលជា របាយការណ៍សង្ខេបប្រចាំឆ្នាំទីបីរបស់ ICAN នៃការចំណាយ នុយក្លេអ៊ែរជាសាកល និងមានចំណងជើងថា ‘Squandered: 2021 Global Nuclear Weapons Spending’ បញ្ជាក់ថា សរុបមក ពិភពលោកបានចំណាយសរុប 156 842 ដុល្លារ ជារៀងរាល់នាទីនៃឆ្នាំ 2021 លើអាវុធប្រល័យលោក អំឡុងពេលមានជំងឺរាតត្បាត ដែលកំពុងបន្ត និងការកើនឡើងអសន្តិសុខ ស្បៀងជាសកល៕

ប្រែសម្រួលៈ ណៃ តុលា

To Top