ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ UN ថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារក្នុងប្រទេសម៉ាលី បណ្តាលឲ្យស្លាប់មនុស្សជាង ១០០នាក់

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិបានឲ្យដឹងថា លោកអគ្គលេខាធិការ Antonio Guterres កាលពីថ្ងៃអង្គារបានថ្កោលទោស ការសម្លាប់មនុស្សជាង ១០០នាក់ ក្នុងការវាយឆ្មក់ភេរវករនៅក្នុងប្រទេសម៉ាលី ។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បានលើកឡើងថា “យើងបង្កើនសំឡេងរបស់យើង ទៅនឹងការថ្កោលទោសយ៉ាងខ្លាំង ដោយសហការីរបស់យើង ក្នុងបេសកកម្មរក្សាសន្តិភាព បន្ទាប់ពីការវាយប្រហារដោយ ក្រុមជ្រុលនិយមលើភូមិមួយចំនួននៅក្នុងតំបន់ Bandiagara នៃភាគកណ្តាលប្រទេសម៉ាលី” ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ការវាយប្រហារកាលពីចុងសប្តាហ៍នេះ បើយោងតាមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី ដែលស្គាល់ដោយអក្សរកាត់ជាភាសាបារាំងថា MINUSMA បានឲ្យដឹងថា បណ្តាលឲ្យជនស៊ីវិលជាង ១០០នាក់ស្លាប់ និងផ្ទះ និងហាងជាច្រើនត្រូវបានដុតបំផ្លាញ ។

លោក Dujarric បានឲ្យដឹងថា ការវាយប្រហារក៏បានកើតឡើង នៅក្នុងតំបន់មួយចំនួនក្នុងតំបន់ Gao នៃប្រទេសម៉ាលី ដែលបណ្តាលឱ្យជនស៊ីវិល រាប់សិបនាក់ស្លាប់ និងផ្លាស់ទីលំនៅរបស់ពលរដ្ឋ ។ “យើងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនម៉ាលី ហើយយើងសូមជូនពរឱ្យអ្នក របួសឆាប់ជាសះស្បើយ” ។

ក្រុមរួមបញ្ចូលគ្នាមួយមកពី MINUSMA ដែលប្រតិបត្តិការពី Mopti បានជួយអាជ្ញាធរក្នុងតំបន់ក្នុងការ ទៅមើលតំបន់ដែលរងគ្រោះ ដោយអំពើហិង្សា។ លោកបានឲ្យដឹងថា តាមសំណើរបស់កងកម្លាំងប្រដាប់អាវុធម៉ាលី បេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិក៏បានជួយ ក្នុងការជម្លៀសជនស៊ីវិលដែល រងរបួសទៅកាន់ទីក្រុង Sevare ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top