ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅបង់ក្លាដេស បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៣២នាក់ និងរាប់លាននាក់ជម្លៀសខ្លួនចេញ

បង់ក្លាដេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា ប្រជាជនបង់ក្លាដេស រាប់លាននាក់ត្រូវភៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កជាគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ។

មនុស្សប្រហែល ៣០០.០០០នាក់ ត្រូវបានផ្លាស់ទៅរកទីជម្រក ប៉ុន្តែមនុស្សជាង ៤លាននាក់ ត្រូវជាប់គាំងនៅជិតផ្ទះរបស់ពួកគេ ដែលត្រូវបានជន់លិចដោយទឹកជំនន់ នៅក្នុងតំបន់ភាគខាងជើងឈៀងខាងកើត នៃប្រទេសនេះ ។

លោក Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដេស បានចុះទៅបំពេញទស្សនកិច្ចនៅតំបន់ រងគ្រោះដោយសារគ្រោះទឹកជំនន់ ដោយជិះឧទ្ធម្ភាគចក្រ ហើយជួបជាមួយអាជ្ញាធរមូលដ្ឋាន និងរៀបចំផែនការផ្តល់ជំនួយមនុស្សធម៌ សម្រាប់អ្នកដែលត្រូវការជំនួយនៅទីនោះផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top