ព័ត៌មានអន្តរជាតិ

លោកXi Jinping៖ ប្រទេស BRICS ត្រូវហ៊ានទទួលខុសត្រូវ ដើម្បីបំពេញបន្ថែមកម្លាំង វិជ្ជមានដែលប្រកបដោយស្ថិរភាព និងលក្ខណៈស្ថាបនាដល់ពិភពលោក

យប់ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចជំនួបថ្នាក់ដឹកនាំប្រទេស BRICS លើកទី ១៤ តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកXi Jinping បានគូសបញ្ជាក់ថា ក្នុងឋានៈជាទីផ្សារងើបឡើងថ្មីដ៏សំខាន់និងប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ប្រទេស BRICS ត្រូវតែហ៊ានទទួលខុសត្រូវ ហ៊ានធ្វើការជាក់ស្តែង ដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមាន ដែលប្រកបដោយស្ថិរភាព និងលក្ខណៈស្ថាបនា ដល់ពិភពលោក។

លោកបានលើកឡើងថា៖
ទី១ យើងគួរបញ្ចេញសម្លេង ប្រកបដោយភាពយុត្តធម៌និងសច្ចភាព ជំរុញសហគមន៍អន្តរជាតិ អោយអនុវត្តពហុភាគីនិយម ដ៏ពិតប្រាកដគាំពារ ប្រព័ន្ធអន្តរជាតិ ដែលចាត់ទុកអង្គការ សហប្រជាជាតិ ជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលចាត់ទុកច្បាប់អន្តរជាតិ ជាមូលដ្ឋាន ហើយជំនួស “រង្វង់តូច”នៃអនុត្តរភាពនិយមដោយ “គ្រួសារធំ”នៃសហគមន៍ រួមវាសនាតែមួយ របស់មនុស្សជាតិ។
ទី២ យើងគួរពង្រឹងជំនឿចិត្ត ដែលយកឈ្នះលើ ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកាន់ខ្ជាប់អាកប្បាកិរិយាទទួលខុសត្រូវ ចំពោះប្រជាជននិងអាយុជីវិត ពង្រឹងរបាំងបង្ការនិងគ្រប់គ្រង ការរីករាលដាល នៃជំងឺកូវីដ ១៩ ។
ទី៣ យើងគួរប្រមូលផ្តុំកម្លាំងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ធានាឱ្យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ មានភាពរលូន កសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ច ដែលកាន់តែប្រកបដោយ ភាពបរិយាប័ន្ន និងភាពធន់។
ទី៤ យើងគួរជំរុញការអភិវឌ្ឍជានិរន្តរភាព ប្រកាន់ខ្ជាប់ទស្សនៈដែលតម្កល់ ប្រជាជនជាស្នូល បង្កើនការវិនិយោគ លើវិស័យកាត់បន្ថយភាពក្រីក្រ ស្បៀងអាហារ ការអប់រំនិងសុខាភិបាល ជំរុញការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសកល ដែលកាន់តែប្រកបដោយ ភាពខ្លាំងក្លា បៃតងនិងរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top