ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង គ្រោងនឹងបំពេញទស្សនកិច្ច នៅក្រុងហុងកុង នៅថ្ងៃខួបរំលឹកទី២៥ នៃការទទួលសិទ្ធិគ្រប់គ្រងក្រុងនេះវិញ

សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចនៅក្រុងហុងកុង សម្រាប់ខួបលើកទី២៥ នៃការប្រគល់ទីក្រុងនេះទៅឱ្យ ប្រទេសចិនដីគោកគ្រប់គ្រងវិញ ។

ដំណើរទស្សនកិច្ចនេះនឹង ជាដំណើរទស្សនកិច្ចដំបូងគេ បង្អស់របស់លោក ហ្ស៊ី នៅក្រៅប្រទេសចិនដីគោក ចាប់តាំងពីខែមករា ឆ្នាំ២០២០ បន្ទាប់ពីជំងឺកូវីដ-១៩ ។

ទីភ្នាក់ងារចិនស៊ិនហួបានរាយការណ៍ថា “លោកប្រធានាធិបតី ហ្ស៊ី ជិនពីង នឹងចូលរួមកិច្ចប្រជុំមួយ ដើម្បីអបអរសាទរខួបលើកទី២៥ នៃការវិលត្រឡប់របស់ ក្រុងហុងកុង ទៅកាន់មាតុភូមិ” ។

ទីភ្នាក់ងារបានឲ្យដឹងទៀតថា “លោក ហ្ស៊ី ដែលជាអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ក៏នឹងចូលរួមក្នុងពិធីសម្ពោធរដ្ឋាភិបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ” ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា លោក ហ្ស៊ី ចុងក្រោយបានទៅសួរសុខទុក្ខ អតីតអាណានិគមអង់គ្លេស ក្នុងឆ្នាំ២០១៧ ដើម្បីស្បថជាមួយមេដឹកនាំទីក្រុង Carrie Lam ហើយវាជាទម្លាប់សម្រាប់មេដឹកនាំចិន ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងនេះ សម្រាប់ថ្ងៃគម្រប់ខួបដ៏សំខាន់ ។

លោក John Lee នឹងក្លាយជាអ្នកដឹកនាំថ្មី របស់ទីក្រុងនេះនៅថ្ងៃទី១ ខែកក្កដា ដោយជំនួសលោក Carrie Lam ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top