ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំក្រុម G7 ផ្តោតសំខាន់លើបញ្ហាខ្វះខាតថាមពល និងវិបត្តិស្បៀងអាហារ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា អធិការបតីអាល្លឺម៉ង់ Olaf Scholz ស្វាគមន៍មេដឹកនាំ នៃក្រុមប្រទេសប្រជាធិបតេយ្យ ដ៏សម្បូរបែបហៅថា ក្រុម G7 នៅថ្ងៃអាទិត្យនេះទៅកាន់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៅភ្នំ Bavarian Alps ដែលគ្របដណ្តប់ដោយសង្រ្គាម ក្នុងប្រទេសអ៊ុយក្រែន និងផលវិបាកដ៏ឆ្ងាយរបស់វា ចាប់ពីកង្វះថាមពលរហូតដល់កើតមាន នូវវិបត្តិស្បៀងអាហារ ។ 

កិច្ចប្រជុំកំពូលនេះធ្វើឡើង ប្រឆាំងនឹងផ្ទៃខាងក្រោយដ៏ខ្មៅងងឹតជាងឆ្នាំមុន នៅគ្រាដែលមេដឹកនាំអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នាជាលើកដំបូង ចាប់តាំងពីមុនពេលការរាតត្បាត នៃជំងឺកូវីដ-១៩ ហើយបានប្តេជ្ញាថា នឹងកសាងឡើងវិញ ឱ្យកាន់តែប្រសើរឡើង ។

ការឡើងថ្លៃថាមពល និងតម្លៃអាហារពិភពលោក កំពុងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃសុក្រអំពី “វិបត្តិអត់ឃ្លានសកលដែលមិនធ្លាប់មានពីមុនមក” ។

ផ្ទាំងពាណិជ្ជកម្ម

ការបម្រែបម្រួលអាកាសធាតុ ប្រទេសចិនដែលមានការអះអាងកាន់តែខ្លាំងឡើង និងការកើនឡើងនៃរបបផ្តាច់ការ ក៏ត្រូវបានកំណត់ផងដែរនៅក្នុងរបៀបវារៈនេះ ។

មេដឹកនាំក្រុម G7 ត្រូវបានគេរំពឹងថា នឹងស្វែងរកការបង្ហាញរណសិរ្សរួបរួម លើការគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលចាំបាច់ និងបង្កើនសម្ពាធលើវិមានក្រឹមឡាំង ទោះបីជាពួកគេនឹងចង់ជៀសវាង ការដាក់ទណ្ឌកម្មដែលអាចបង្កឱ្យមានអតិផរណា និងធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិតម្លៃ នៃការរស់នៅដែលប៉ះពាល់ដល់ពួកគេ ។ 

មន្ត្រីសហភាពអឺរ៉ុបម្នាក់បានលើកឡើងថា “សារសំខាន់ពីក្រុម G7 នឹងក្លាយជាការរួបរួម និងការសម្របសម្រួលនៃសកម្មភាព នោះគឺជាសារសំខាន់ ដែលសូម្បីតែឆ្លងកាត់ពេលវេលាដ៏លំបាក យើងនៅជាប់នឹងសម្ព័ន្ធភាពរបស់យើងដដែល” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top