ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដាក់ពាក្យចូលរួម ជាសមាជិកជាមួយក្រុម ប្រទេស BRICS ដែលជាប្រទេសកំពុងរីកចម្រើន

តេអេរ៉ង់៖ អ៊ីរ៉ង់បានដាក់ពាក្យសុំ ចូលជាសមាជិក ក្នុងក្រុមប្រទេសដែលមាន សេដ្ឋកិច្ចកំពុងរីកចម្រើន ដែលគេស្គាល់ថា ជា BRICS នេះបើតាមមន្ត្រីអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទ ទី២៧ មិថុនា។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សមាជិកភាពរបស់អ៊ីរ៉ង់ នៅក្នុងក្រុមប្រទេស BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង “នឹងនាំមកនូវតម្លៃបន្ថែម សម្រាប់ភាគីទាំងពីរ” ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងដោយឡែកថា អាហ្សង់ទីន ក៏បានដាក់ពាក្យចូលរួមក្រុមនេះដែរ។ មន្ត្រីអាហ្សង់ទីន មិនអាចទាក់ទង សុំការអត្ថាធិប្បាយ បានភ្លាមៗនោះទេ។

ប្រធានាធិបតី អាហ្សង់ទីនលោក Alberto Fernandez ដែលបច្ចុប្បន្ននៅអឺរ៉ុប ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានបញ្ជាក់ជាថ្មី ពីបំណងប្រាថ្នា របស់លោកសម្រាប់ប្រទេសអាហ្សង់ទីន ក្នុងការចូលរួមជាមួយ BRICS។

លោកស្រី Zakharova បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “ខណៈពេលដែលសេតវិមាន កំពុងគិតអំពីអ្វីដែលត្រូវបិទ នៅក្នុងពិភពលោក ហាមឃាត់ ឬបំផ្លាញ ប្រទេសអាហ្សង់ទីន និងអ៊ីរ៉ង់ បានដាក់ពាក្យចូលរួមជាមួយ BRICS” ។

រុស្ស៊ី បាននិងកំពុងជំរុញឱ្យមានទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយអាស៊ី អាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា ប៉ុន្តែខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួននាពេលថ្មីៗនេះ ដើម្បីទប់ទល់នឹងទណ្ឌកម្ម ដែលដាក់ដោយអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតជុំវិញ ការឈ្លានពានអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top