ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ភាពបម្រែបម្រួលរបស់ហុងកុង បន្ទាប់ពីវិលត្រឡប់ ចូលមាតុប្រទេសចិនវិញ

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីឆ្លងកាត់ទុក្ខវេទនាអស់រយៈពេលមួយរយឆ្នាំ ហុងកុងបានវិលត្រឡប់ ចូលមាតុប្រទេសចិនវិញ រដ្ឋាភិបាលមជ្ឈិមចិន ចាប់ផ្តើមអនុវត្តអធិបតេយ្យភាពឡើងវិញ ចំពោះហុងកុង ។ ស្ទើរតែមួយប៉ប្រិចភ្នែក ហុងកុង បានវិលត្រឡប់ចូលមាតុប្រទេសវិញ ២៥ឆ្នាំហើយ ក្នុងអំឡុងពេល២៥ឆ្នាំនេះ ហុងកុងកើតមានភាពបម្រែបម្រួល យ៉ាងជ្រាលជ្រៅ ។

ចាប់តាំងពីហុងកុងវិលត្រឡប់ ចូលមាតុប្រទេសវិញមក ជានិច្ចកាល រដ្ឋាភិបាលមជ្ឈិមចិន តែងតែប្រកាន់ខ្ជាប់ គោលបំណងដើមនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ”ដែលបានកំណត់ដោយច្បាប់មូលដ្ឋាន ហើយចាត់ទុកការស្វែងរក វិបុលភាព និងស្ថិរភាពជាភារកិច្ចចម្បង និងចាត់ទុកការបង្កើនសុខសុភមង្គល របស់អ្នកក្រុងហុងកុងជាអាទិភាព ។ កាលពីឆ្នាំ១៩៩៧ ផលិតផលក្នុងស្រុកសរុប គឺGDPនៃក្រុងហុងកុង មានចំនួន១,៣៧ទ្រីលានប្រាក់ហុងកុង គិតជាមធ្យម ក្នុងមនុស្សម្នាក់ៗ គឺ១៩២០០០ប្រាក់ហុងកុង ដល់ឆ្នាំ២០២១ GDP នៃក្រុងហុងកុងបានឡើង ដល់២,៨៦ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានលើសពី៣៨ម៉ឺនប្រាក់ហុងកុង ។ ជាពិសេស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយមកពីកត្តាជាច្រើន ដូចជាសណ្តាប់ធ្នាប់អន្តរជាតិ មានភាពមិនប្រាកដប្រជានិងការរីករាលដាល នៃជំងឺកូវីដ១៩ជាដើម បានបណ្តាលឱ្យសេដ្ឋកិច្ចសកល មានភាពថមថយចុះ ប៉ុន្តែការអភិវឌ្ឍខាងសេដ្ឋកិច្ចរបស់ហុងកុង បានរក្សាការរីកចម្រើន ប្រកបដោយភាពនឹងនរជាទូទៅ ។

បន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ របស់ហុងកុងត្រូវបានបង្កើនឡើង ជាបន្តបន្ទាប់ វិទ្យាស្ថានសិក្សាស្រាវជ្រាវFraser របស់ប្រទេសកាណាដា បានចេញផ្សាយ «របាយការណ៍ស្តីពីសេរីភាព ខាងសេដ្ឋកិច្ចនៅលើពិភពលោក ប្រចាំឆ្នាំ២០២១» ដោយបានវាយតម្លៃជាថ្មីម្តងទៀតថា ហុងកុងជាអង្គភាពសេដ្ឋកិច្ច ដែលមានសេរីភាពជាងគេ នៅលើពិភពលោក ។ “សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅលើពិភពលោក” នៅខែមិនាឆ្នាំ២០២២ បានបង្ហាញថា ហុងកុងកាន់លំដាប់ថ្នាក់ទីបី ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅលើពិភពលោកទាំងមូល បន្ទាប់ពីក្រុងញូវយ៉កនិងក្រុងឡុងដ៍ ។

ភាពបម្រែបម្រួលដែលកាន់តែសំខាន់ទៅទៀត គឺចាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ហុងកុងបានរួមបញ្ចូល ក្នុងការអភិវឌ្ឍជាទូទៅរបស់ប្រទេសចិនជាសន្សឹមៗ ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ «ផែនការអភិវឌ្ឍន៍ នៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ» បានដាក់ចេញជាផ្លូវការ តំបន់នេះជាតំបន់មួយ នៃប្រទេសចិន ដែលមានកម្រិតបើកទូលាយខ្ពស់ជាងគេ និងមានភាពរស់រវើក ខាងសេដ្ឋកិច្ចខ្លាំងជាងគេ ។ ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចសរុប នៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ មានចំនួនប្រហែល១២,៦ទ្រីលានយាន់ប្រាក់ចិន ។ រដ្ឋាភិបាលប្រជាជនមជ្ឈិមចិន បានខិតខំប្រឹងប្រែងក្រាលផ្លូវអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់សម្រាប់ហុងកុង ។

ផ្ទាំងពាណិជ្ជកម្ម

២៥ឆ្នាំកន្លងមកនេះ ហុងកុងក៏បានជួបប្រទះ ការប្រឈមជាច្រើន ដូចជាវិបត្តិហិរញ្ញវត្ថុ ជំងឺសារស៍ ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ១៩ជាដើម ហើយក៏មានបញ្ហាអត្រាបាត់អាជីពខ្ពស់ និងកំណើនប្រាក់ចំណូលធ្លាក់ចុះដែរ ប៉ុន្តែខណៈពេលហុងកុង ជួបប្រទះភាពលំបាក ជានិច្ចកាល មាតុប្រទេសតែងតែផ្តល់ជំនួយយ៉ាងទាន់ពេល ។ ខណៈពេលហុងកុងផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលមជ្ឈិមនិងស្ថាប័នពាក់ព័ន្ធ នៃតំបន់នានារបស់ប្រទេសចិន បានផ្តល់ជំនួយយ៉ាងពេញទំហឹង ដើម្បីជួយហុងកុងឆ្លើយតបនឹងជំងឺកូវីដ១៩ ។ សម្ភារៈវេជ្ជសាស្ត្រនិងសម្ភារៈប្រើប្រាស់បន្ទាន់ ត្រូវបានដឹកជញ្ជូនទៅកាន់ហុងកុង ដោយទាន់ពេលវេលា មន្ទីរពេទ្យជាបណ្តោះអាសន្ន ត្រូវបានសាងសង់រួច និងដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់រហ័ស អ្នកជំនាញខាងបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងបុគ្គលិកពេទ្យមួយក្រុម និងមួយក្រុមទៀតបានធ្វើដំណើរ យ៉ាងប្រញាប់ប្រញាល់ទៅកាន់ហុងកុង ។

កាលពីបីឆ្នាំមុន ហុងកុង បានកើតមានភាពរកាំរកូស ស្តីពីការធ្វើវិសោធនកម្ម លក្ខន្តិកៈច្បាប់ហុងកុង ដែលបានផ្ទុះបាតុកម្ម និងការតវ៉ានៅតាមផ្លូវជាបន្តបន្ទាប់ រហូតដល់កើតមានការប៉ះទង្គិច ដោយកម្លាំងហិង្សាជាច្រើនលើក ត្រូវគេចាត់ទុកថា ជាពេលវេលាងងឹតបំផុត តាំងពីហុងកុងវិលត្រឡប់ចូល មាតុប្រទេសចិនវិញមក ។ ប្រឈមនឹងសភាពការណ៍ដ៏លំបាក រដ្ឋាភិបាលមជ្ឈិមចិន បានដាក់ចេញច្បាប់សន្តិសុខជាតិ នៅហុងកុង ដោយទាន់ពេលវេលា ហើយបានធ្វើឱ្យប្រព័ន្ធបោះឆ្នោត នៃតំបន់រដ្ឋបាលពិសេសហុងកុង មានសុក្រឹតភាព ដែលបានតាំងមូលដ្ឋាន សម្រាប់ឱ្យប្រជាធិបតយ្យអាចរីកច្រើន ដោយរឹងមាំនៅហុងកុង ប្រការនេះមានឥទ្ធិពលយ៉ាងស៊ីជម្រៅ និងវែងឆ្ងាយចំពោះវិបុលភាព និងស្ថិរភាពរបស់ហុងកុង ។

ហុងកុងជាចិនហុងកុង ក្នុងយុគសម័យ ដែលមានបម្រែបម្រួល មួយពព្រិចភ្នែក អ្វីដែលមិនបានកែប្រែ ក្នុងរយៈពេល២៥ឆ្នាំ គឺពាក្យសន្យាស្តីពី “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ” អ្វីដែលមិនបានកែប្រែ គឺការគាំទ្រពីមាតុប្រទេស ។ អ្វីដែលបានកែប្រែ ក្នុងរយៈពេល២៥ឆ្នាំ គឺហេដ្ឋរចនាសម័្ពន្ធមានភាព កាន់តែទំនើប ទីក្រុងកាន់តែស្អាត កិច្ចការសង្គមកាន់តែ មានវឌ្ឍនភាព ទំនាក់ទំនងរវាងហុងកុង និងចិនដីគោក មានភាពកាន់តែជិតស្និទ្ធ និយាយជារួម ហុងកុងបានប្រែទៅជា មានភាពកាន់តែល្អប្រសើរ ។ ជឿជាក់ថា ឈរនៅទីចាប់ផ្តើមថ្មី ហុងកុង ពិតជានឹងមានអនាគត កាន់តែត្រចះត្រចង់ជាក់ជាមិនខាន ! វិទ្យុមិត្តភាពកម្ពុជាចិន

To Top