ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការផ្លាស់ប្តូរ ផ្លូវការណាមួយ ជាមួយតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យ សហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់ នៃការផ្លាស់ប្តូរផ្លូវការ និងការទំនាក់ទំនង យោធាជាមួយតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា ការប៉ុនប៉ងណាមួយ ដើម្បីទប់ស្កាត់ប្រទេសចិន ជាមួយតៃវ៉ាន់ ឬជួយតៃវ៉ាន់ ឱ្យទប់ទល់នឹង ការបង្រួបបង្រួមគ្នាឡើងវិញ ដោយប្រើកម្លាំង គឺនឹងត្រូវបរាជ័យ។

លោក Tan បានបន្ដថា សំណួរតៃវ៉ាន់ តែងតែជាបញ្ហាស្នូលដ៏សំខាន់ និងរសើបបំផុតនៅក្នុង ទំនាក់ទំនងប្រទេសចិន និងសហរដ្ឋអាមេរិក និង ការ ដោះស្រាយ បញ្ហា តៃវ៉ាន់ ខុស នឹង មាន ផល រំខាន ដល់ ទំនាក់ទំនង ទ្វេភាគី។

លោក Tan បានបន្ថែមថា ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top