ព័ត៌មានអន្តរជាតិ

ទីក្រុងញូវដេលី ថ្កោលទោស របាយការណ៍អាមេរិក លើសេរីភាពសាសនា នៅក្នុងប្រទេសឥណ្ឌា

ញូវដេលី៖ ប្រទេសឥណ្ឌា បានថ្កោលទោសគណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ (USCIRF) ជុំវិញអ្វីដែលខ្លួនបានពណ៌នាថា ជាការអត្ថាធិប្បាយលម្អៀង និងមិនត្រឹមត្រូវលើប្រទេសឥណ្ឌា។

យោងតាមក្រសួងការបរទេសឥណ្ឌា ការបញ្ចេញមតិនេះឆ្លុះបញ្ចាំង​ ពីការខ្វះខាតការយល់ដឹងយ៉ាងធ្ងន់ធ្ងរ អំពីប្រទេសឥណ្ឌា ក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងពហុភាពរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Arindam Bagchi អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ថា “យើងបានឃើញការអត្ថាធិប្បាយលម្អៀង និងមិនត្រឹមត្រូវលើប្រទេសឥណ្ឌា ដោយគណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ (USCIRF)”។

លោកបានលើកឡើង “ការអត្ថាធិប្បាយទាំងនេះឆ្លុះបញ្ចាំង ពីការខ្វះការយល់ដឹងយ៉ាងធ្ងន់ធ្ងរ អំពីប្រទេសឥណ្ឌា និងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ពហុភាព និងសីលធម៌ប្រជាធិបតេយ្យរបស់ខ្លួន”។

កាលពីថ្ងៃសៅរ៍ USCIRF នៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន បានដកស្រង់សម្តីស្នងការរបស់ខ្លួនលោក David Curry ដោយលើកឡើងថា គណៈកម្មការនេះគឺ “ព្រួយបារម្ភអំពីការបន្តការគាបសង្កត់ របស់រដ្ឋាភិបាលឥណ្ឌា ចំពោះសំឡេងរិះគន់ ជាពិសេសជនជាតិភាគតិចសាសនា និងអ្នកដែលរាយការណ៍ និងតស៊ូមតិ សម្រាប់ពួកគេ៕​ប្រែសម្រួល ឈូក បូរ៉ា

To Top