ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់យោធាឱ្យប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលភាពតានតឹងកើនឡើង ជាមួយកូរ៉េខាងជើង

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានគំរាមថានឹងឆ្លើយតប យ៉ាងរហ័សចំពោះ “ការបង្កហេតុ” ណាមួយពីទីក្រុងព្យុងយ៉ាង ដោយប្រាប់យោធារបស់ប្រទេស លោកកាលពីថ្ងៃពុធឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលភាពតានតឹងកើនឡើងម្តងទៀត រវាងប្រទេសជិតខាងទាំងពីរនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Yoon បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងត្បូង “សងសឹកភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់” ចំពោះកូរ៉េខាងជើង ក្នុងករណីមានឧបទ្ទវហេតុ ណាមួយកើតឡើង។ នេះបើយោងតាម Reuters ដែលបានកត់សម្គាល់ ពីការព្រួយបារម្ភ ក្នុងចំណោមមន្ត្រីដែលថា ទីក្រុងព្យុងយ៉ាងអាចធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម

ការិយាល័យប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតី Yoon បាននិយាយថា សមត្ថភាពការពារដ៏រឹងមាំគួរតែត្រៀមខ្លួន ដើម្បីការពារសន្តិសុខរបស់ប្រទេស និងផលប្រយោជន៍ជាតិ ខណៈដែលភាពមិនប្រាកដប្រជាផ្នែកសន្តិសុខជុំវិញកូរ៉េខាងត្បូង និងអាស៊ីឦសានកំពុងកើនឡើង ជាងពេលណាៗទាំងអស់” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top