បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសហុងគ្រីលោក Peter Szijjarto កាលពីថ្ងៃអង្គារកន្លងទៅ បានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN ថាហុងគ្រីបានបដិសេធមិនព្រម បញ្ចូនអាវុធទៅឲ្យអ៊ុយក្រែន ក៏ព្រោះតែមិនចង់មានការពាក់ព័ន្ធ ទៅនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ លើគ្រប់លក្ខខណ្ឌណាទាំងអស់។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានពន្យល់ទៀតដែរថា ព្រំដែនរវាងហុងគ្រីនិងអ៊ុយក្រែន គឺជាច្រកព្រំដែនដែលមានសុវត្ថិភាពបំផុត ព្រមទាំងប្រើប្រាស់ សម្រាប់តែការផ្គត់ផ្គង់ជំនួយមនុស្សធម៍ប៉ុណ្ណោះ ហើយចង់ប្រាប់ទៅគ្រប់ភាគីដែរថា ហុងគ្រីនឹងមិនផ្គត់ផ្គង់អាវុធណាឡើយ ទៅឲ្យអ៊ុយក្រែន។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា បច្ចុប្បន្នពលរដ្ឋហុងគ្រី ប្រមាណជា១៥ម៉ឺននាក់ ដែលរស់នៅភាគខាងលិចអ៊ុយក្រែន ដូចនេះប្រសិនបើហុងគ្រី នឹងធ្វើការផ្គត់ផ្គង់អាវុធនោះពលរដ្ឋរបស់ខ្លួនទាំងនោះ នឹងក្លាយទៅជាគោលដៅ វាយប្រហារជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
