ព័ត៌មានអន្តរជាតិ

ប្រទេសចិន ស្នើគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ លើសន្តិសុខស្បៀងពិភពលោក នៅក្នុងកិច្ចប្រជុំ G20

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានពន្យល់នៅទីនេះ កាលពីថ្ងៃសុក្រ អំពីជំហររបស់ចិន លើសន្តិសុខស្បៀង និងថាមពល ហើយបានស្នើគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ លើសន្តិសុខស្បៀងពិភពលោក។

ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង២០ (G20) លោក Wang Yi បានលើកឡើងថា អាហារ និងថាមពល គឺជាគន្លឹះ នៃដំណើរការប្រកបដោយសុខភាពល្អ នៃសេដ្ឋកិច្ចពិភពលោក និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នៅក្រោមស្ថានភាពបច្ចុប្បន្ន G20 គួរតែទទួលខុសត្រូវ និងបង្កើតភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការលើទំនិញ  ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ លោក Wang បាន​ដាក់​សំណើ​ចំនួន ៨ចំណុច៖

ទី​១ គាំទ្រ​អង្គការ​សហប្រជាជាតិ ​ក្នុង​ការ​ដើរ​តួនាទី​សំខាន់ ​ក្នុង​ការ​សម្របសម្រួល។  លោក Wang បានលើកឡើងថា តួនាទីរបស់អង្គការសហប្រជាជាតិ គួរតែត្រូវបានពង្រឹងជាជាងចុះខ្សោយ ហើយការងាររបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) គួរតែត្រូវបានគាំទ្រ។

ទី២ ការមិនដាក់កំហិតលើការនាំចេញ លើការទិញអាហារមនុស្សធម៌ដោយ WFP ។

 ទី៣ ផ្តល់ភាពងាយស្រួលដល់ការចូល ដោយរលូននៃផលិតផលកសិកម្មរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស ចូលទៅក្នុងទីផ្សារអន្តរជាតិ។

ទី៤ ប្រទេសផលិតស្បៀង និងនាំចេញសុទ្ធសំខាន់ៗ គួរតែបញ្ចេញសក្តានុពល នាំចេញរបស់ខ្លួន កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបច្ចេកទេស គ្រប់គ្រងការប្រើប្រាស់ ថាមពលនៃអាហារ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ស្បៀងដ៏តឹងតែង នៅក្នុងទីផ្សារ។

ទី៥ វិធានការគ្រាអាសន្នដែលប្រទេសនានា ធ្វើពាណិជ្ជកម្មម្ហូបអាហារគួរតែមានរយៈពេលខ្លី តម្លាភាព គោលដៅ និងសមស្រប និងស្របតាមច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក។

ទី៦ គាំទ្រក្រុមប្រឹក្សាយោបល់ លើការស្រាវជ្រាវកសិកម្មអន្តរជាតិ និងការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ក្នុងចំណោមប្រទេស និងកាត់បន្ថយការរឹតបន្តឹង លើការផ្លាស់ប្តូរបច្ចេកវិទ្យាខ្ពស់។

ទី៧ កាត់បន្ថយការបាត់បង់ចំណីអាហារ និងកាកសំណល់។  ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិស្តីពីការបាត់បង់ស្បៀងអាហារ និងកាកសំណល់ ហើយត្រៀមខ្លួនជាស្រេចដើម្បីរួមគ្នា អនុវត្តការយល់ស្របដែលសម្រេចបាន នៅក្នុងសន្និសីទ។

ទី​៨ ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ លើក​កំពស់​សមត្ថភាព​ផលិត​ស្បៀង ការ​ស្តុកទុក និង​ការ​កាត់​បន្ថយ​ការ​ខាត​បង់​ ទាំង​ផ្នែក​ទុន បច្ចេកវិទ្យា និង​ទីផ្សារ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top