ព័ត៌មានអន្តរជាតិ

អាមេរិក​ស្រឡាំងកាំង ​នឹង​មរណភាព​របស់​លោក អាបេ និងបានហៅ​គាត់​ថា​ ជា​ជើង​ឯក​នៃ​សម្ព័ន្ធភាព

តូក្យូ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃសុក្របានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការធ្វើឃាតទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដោយសម្តែងការសោកស្តាយ ចំពោះការបាត់បង់ “ជើងឯក” នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ និងស្ថាបត្យករនៃគំនិត ដែលបានដើរតួយ៉ាងសំខាន់ ក្នុងសន្តិសុខក្នុងតំបន់។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា លោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងអំឡុងសុន្ទរកថាមួយនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនថា “ខ្ញុំស្រឡាំងកាំង ខឹងសម្បារ និងសោកស្ដាយជាខ្លាំង ចំពោះព័ត៌មានដែលថា មិត្តរបស់ខ្ញុំ Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានបាញ់សម្លាប់ពេលកំពុងធ្វើយុទ្ធនាការ។ នេះជាសោកនាដកម្មសម្រាប់ប្រទេសជប៉ុន”។

លោក Biden ក៏បាននិយាយផងដែរថា “ខណៈពេលដែលមានព័ត៌មានលម្អិតជាច្រើន ដែលយើងមិនទាន់ដឹង យើងដឹងថាការវាយប្រហារដោយហឹង្សានេះ គឺមិនអាចទទួលយកបានទេ។  “សហរដ្ឋអាមេរិកឈរជាមួយប្រទេសជប៉ុន ក្នុងគ្រាដ៏សោកសៅនេះ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំ ទៅកាន់គ្រួសាររបស់គាត់”។

ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាការតក់ស្លុត ហើយវាជាការរំខានយ៉ាងខ្លាំង នៅក្នុងខ្លួនវាផ្ទាល់” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top