រ៉ាម៉ាឡា៖ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើបាតុកម្មនៅតំបន់ West Bank និង Gaza Strip ប្រឆាំងនឹងដំណើរទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ដោយបានថ្កោលទោស ជំហរលំអៀងរបស់លោក លើបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន។
នៅតំបន់ឆ្នេរនៃតំបន់ Gaza Strip ដែលគ្រប់គ្រងដោយចលនាតស៊ូអ៊ីស្លាម (Hamas) ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យស្លោកនៅឯទីលាន Unknown Soldier នៅភាគខាងលិចទីក្រុង Gaza ដើម្បីថ្កោលទោសដំណើរ ទស្សនកិច្ចរបស់លោក បៃដិន ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ។
លោក Khalil al-Hayyah អនុប្រធានក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បាន ប្រាប់ ការ ជួប ជុំ នេះ ដោយ សំដៅ លើ ការ គាំទ្រ របស់ សហរដ្ឋ អាមេរិក ចំពោះ អ៊ីស្រាអែលថា “ប្រធានាធិបតីលោក បៃដិន រដ្ឋបាលរបស់អ្នកតែងតែ លំអៀងចំពោះអង្គភាព Zionist ហើយតែងតែបដិសេធសិទ្ធិ ស្របច្បាប់របស់ប្រជាជនយើង ដូច្នេះហើយយើងសូមថ្កោលទោស ចំពោះការសហការដ៏មាន សក្ដានុពលរបស់អាមេរិក ជាមួយអង្គភាព Zionist” ។
ដោយអត្ថាធិប្បាយលើសេចក្តីប្រកាស ក្រុងយេរ៉ូសាឡឹម ដែលចុះហត្ថលេខាដោយលោក បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ រវាងសម្ព័ន្ធមិត្តទាំងពីរ លោក Al-Hayyah បានបរិហារវាថាជា “ការបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៃ គោលនយោបាយអយុត្តិធម៌ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និង ការសន្យាថ្មីមួយចំពោះ ការកាន់កាប់របស់អ៊ីស្រាអែល ដែលនឹងមិនផ្លាស់ប្តូរការពិត នៃទីក្រុងបរិសុទ្ធឡើយ”។
លោកបានកត់សម្គាល់ថាលោក បៃដិន មិនបានយកអ្វីនៅក្នុងហោប៉ៅ របស់គាត់ក្នុងអំឡុងពេលទស្សនកិច្ចនេះ លើកលែងតែការគាំទ្រគ្មាន ដែនកំណត់សម្រាប់អ៊ីស្រាអែល និងការផ្តោតលើសន្តិសុខ និងវិបុលភាពរបស់អ៊ីស្រាអែល ហើយ “ជាថ្នូរនឹងការសន្យាមិនពិត ចំពោះប៉ាឡេស្ទីន” ៕
ប្រែសម្រួល ឈូក បូរ៉ា