ព័ត៌មានអន្តរជាតិ

សភាស្រីលង្កា នឹងប្រកាសពីការលាលែង តំណែងរបស់ប្រធានាធិបតី នៅថ្ងៃសុក្រនេះ

កូឡុំបូ៖ ប្រធានសភា នៃប្រទេសស្រីលង្កា លោក Mahinda Yapa Abeywardena បានទទួលលិខិតលាលែង ពីតំណែង របស់ប្រធានាធិបតីលោក Gotabaya Rajapaksa ហើយនឹងប្រកាសជាផ្លូវការ នូវការលាលែងពីតំណែង របស់លោកនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានបញ្ចប់នីតិវិធីច្បាប់។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក Rajapaksa បានផ្ញើអ៊ីមែល អំពីការលាលែងរបស់លោក ទៅកាន់ប្រធានសភា បន្ទាប់ពីលោកបានទៅដល់សិង្ហបុរី ដោយធ្វើដំណើរ តាមយន្ដហោះពីប្រទេសម៉ាល់ឌីវ ។

លិខិតលាលែងពីតំណែងដើម របស់លោក Rajapaksa នឹងត្រូវបញ្ជូនទៅទីក្រុងកូឡុំបូ ពីប្រទេសសិង្ហបុរី នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយថា ប្រធានសភា ត្រូវការមើលសំបុត្រដើមមុន ពេលប្រកាសជាផ្លូវការនូវ ការលាលែងពីតំណែង របស់ប្រធានាធិបតី។

យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស ប្រសិនបើតំណែង ប្រធានាធិបតីនៅទំនេរ មុនពេលផុតអាណត្តិ សភាត្រូវជ្រើសរើសសមាជិកម្នាក់ ក្នុងចំណោមសមាជិក របស់ខ្លួនជាប្រធានាធិបតី ដែលមានលក្ខណៈគ្រប់គ្រាន់ ។

មុនពេលប្រធានាធិបតីថ្មីចូលកាន់តំណែង នាយករដ្ឋមន្ត្រីត្រូវបំពេញ មុខងារក្នុងការិយាល័យប្រធានាធិបតី ហើយតែងតាំងរដ្ឋមន្ត្រីមួយរូប ក្នុងចំណោមរដ្ឋមន្ត្រីផ្សេងទៀត នៃគណៈរដ្ឋមន្ត្រី ដើម្បីបំពេញមុខងារ នាយករដ្ឋមន្ត្រី។

លោក Abeywardena បានឲ្យដឹងកាលពីថ្ងៃចន្ទថា មេដឹកនាំគណបក្សនយោបាយ បានសម្រេចចិត្តជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែកក្កដា តាមរយៈការបោះឆ្នោតនៅក្នុងសភា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top